(ប៉េកាំង)៖ ថ្ងៃទី ៥ ខែមករា គឺជាថ្ងៃរាប់ថយក្រោយរយៈពេល ៣០ ថ្ងៃនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ មួយខែក្រោយ ប្រទេសចិននឹងកាន់ភ្លើងគប់អូឡាំពិករដូវរងាជាលើកដំបូង ដើម្បីស្វាគមន៍អត្តពលិក និងអ្នកស្រឡាញ់កីឡាព្រិលទឹកកក ដែលមកពីប្រទេសនានានៅលើពិភពលោក ចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានេះ។
ក្នុងឆ្នាំ ២០១៤ នៅពេលទៅសួរសុខទុក្ខចំពោះគណៈប្រតិភូកីឡាចិន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុង Sochi នៅប្រទេសរុស្ស៊ី លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នាជាលើកដំបូង អំពីទស្សនាទានស្តីពី «មនុស្សចំនួន ៣០០លាននាក់ចូលរួមលេងកីឡាព្រិលទឹកកក» ថា «ឥឡូវនេះ កីឡាព្រិលទឹកកកនៅប្រទេសចិនមិនមានប្រជាប្រិយភាពខ្លាំងទេ។ ប្រសិនបើគម្រោងនេះអាចត្រូវបានផ្សព្វផ្សាយ ខ្ញុំជឿថា នឹងនាំឱ្យមនុស្សពី ២ ទៅ ៣រយលាន នាក់ចូលរួមលេងកីឡាព្រិលទឹកកក»។
ជាច្រើនឆ្នាំក្រោយមក បំណងប្រាថ្នារបស់លោក Xi Jinping ប្រធានរដ្ឋចិនកំពុងក្លាយជាការពិត នៅលើទឹកដីប្រទេសចិន៖ កីឡាព្រិលទឹកកករបស់ប្រទេសចិន បានផ្សព្វផ្សាយពីភាគខាងជើងទៅខាងត្បូង ហើយប្រជាជនចិនកាន់តែច្រើនឡើងៗចាប់ផ្តើមលេង «កីឡាព្រិលទឹកកក» ដោយសារតែមានការប្រកួតកីឡាអូឡាំពិករដូវរងានេះ។
ចាប់តាំងពីប្រទេសចិនទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ មក លោក Xi Jinping បានចុះសិក្សា និងស្វែងយល់ពីស្ថានការណ៍រៀបចំការប្រកួតកីឡាអូឡាំពិក និងការហ្វឹកហាត់របស់អត្តពលិកចំនួនបួនដងរួចមកហើយ។ ពីទីក្រុងប៉េកាំងទៅកាន់ក្រុង Zhangjiakou តាំងនិងកីឡដ្ឋានទាំងអស់ សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា សុទ្ធតែបានបន្សល់ទុកនូវដានជើងរបស់លោក។
ក្នុងការប្រកួតអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុង Sochi ពេលធ្វើកិច្ចជំនួបជាមួយ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា សង្ឃឹមថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងក្លាយទៅជាភ្លើងគប់ ដែលចាំងបំភ្លឺកីឡាព្រិលទឹកកករបស់ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានខិតខំជំរុញ «ការសន្យាអំពីកីឡាទឹកកកព្រិល» ដើម្បីលើកកម្ពស់កម្រិតលេងកីឡាព្រិលទឹកកករបស់ប្រទេសចិន ប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ទៅកាន់ក្រុមប្រឹក្សាកីឡាអាស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២១ លោក Bach បានផ្ញើសារទៅកាន់កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងថា «ទីក្រុងប៉េកាំងនឹងក្លាយជាទីក្រុងដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលធ្វើជាម្ចាស់ផ្ទះទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតកីឡាអូឡាំពិករដូវរងា»។ ឥឡូវនេះប្រទេសចិន បានត្រៀមការងារគ្រប់បែបយ៉ាងរួចហើយ ហើយការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ដោយជោគជ័យនឹងផ្លាស់ប្តូរមុខមាត់កីឡារដូវរងាជារៀងរហូត។
នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើក។ ជនជាតិចិននឹងកាន់ភ្លើងគប់អូឡាំពិករដូវរងាជាលើកដំបូង ព្រឹត្តិការណ៍ព្រិលទឹកកករបស់ពិភពលោក នឹងបើកសម្ពោធតាមការគ្រោងទុក៕