(ប៉េកាំង)៖ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១លោក XiJinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ តាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងបណ្តាញអ៊ីនធើណេត។ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោក XiJinping ប្រធានរដ្ឋចិន មានដូចខាងក្រោម៖
ជម្រាបសួរអ្នកទាំងអស់គ្នា ឆ្នាំ ២០២២ ខិតចូលមកដល់ហើយ។ ខ្ញុំសូមគោរពជូនពរឆ្នាំថ្មីពីទីក្រុងប៉េកាំង!
រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។ យើងបានចូលរួមដោយផ្ទាល់នូវមហាព្រឹត្តិការណ៍ ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្របក្សនិងរដ្ឋ។ គោលដៅតស៊ូ «មួយរយឆ្នាំចំនួនពីរ» បានប្រសព្វគ្នាជាមួយចរន្តប្រវត្តិសាស្ត្រ យើងបានចាប់ដំណើរការថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់ តាមមាគ៌ាសម្រេចការស្តារភាពរុងរឿងដ៏មហិមា នៃប្រជាជាតិចិនឡើងវិញ។
ពីដើមឆ្នាំដល់ចុងឆ្នាំ ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យបន្ទាយទ័ព វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ ... អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ បានរួមចំណែកផង ក៏ទទួលបានសមិទ្ធផលផង។ ពេលវេលាដែលកន្លងផុតទៅ យើងបានមើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់នូវប្រទេសចិន ដែលពោរពេញទៅដោយភាពស្វាហាប់ និងកំពុងអភិវឌ្ឍយ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះមានប្រជាជនដ៏គួរឱ្យគោរពស្រឡាញ់ មានការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ និងមានបុព្វហេតុបន្តវេនពីជំនាន់មុន ទៅដល់ជំនាន់ក្រោយ។
កាលីថ្ងៃទី ១ ខែកក្កដា យើងបានអបអរសាទរយ៉ាងឱឡារិកនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនរាប់រយលាននាក់ដើរឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើម សម្រេចបាននូវភាពអច្ឆរិយនៃគណបក្សដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោលដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យប្រវត្តិសាស្រ្តនិងប្រជាជនអស់សង្ឃឹម។
កិច្ចប្រជុំពេញអង្គលើកទី ៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនលើកទី ១៩ បានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបានបំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនាក្នុងរូងភ្នំយ៉ាវតុង រវាងលោកប្រធានម៉ៅសេទុង និងលោកហួងយានភៃ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេចបាន ក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះខណៈមានសន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។
ប្រទេសធំគឺមានបន្ទុកធំរបស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សា និងស្វែងយល់នៅតំបន់មួយចំនួន បានសង្កេតមើលនិងស្តាប់រឿងមិនតិចទេ គឺទទួលបានការបំផុសគំនិត និងទទួលបានផលជាច្រើន។ រាល់លើកទៅដល់ផ្ទះមហាជន ខ្ញុំតែងតែនឹងសួរថានៅមានការលំបាកអ្វីខ្លះ សម្តីរបស់បងប្អូនជនរួមជាតិ ខ្ញុំបានចងចាំក្នុងចិត្តទាំងអស់។
អ្វីដែលប្រជាជនបារម្ភ ខ្ញុំនឹងចងចាំ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំនឹងអនុវត្ត។ ខ្ញុំក៏ជាអ្នកមកពីជនបទដែរ មានចំណាប់អារម្មណ៍ផ្ទាល់ចំពោះភាពក្រីក្រ។ ក្រោយពីការខិតខំប្រឹងប្រែងមួយជំនាន់ហើយមួយជំនាន់ទៀត ប្រជានជនដែលធ្លាប់មានភាពក្រីក្រ ឥឡូវនេះក៏អាចហូបបានឆ្អែត និងស្លៀកពាក់បានកក់ក្តៅ អាចចូលរៀនក្នុងសាលា មានផ្ទះស្នាក់នៅ មានការធានារ៉ាប់រងខាងព្យាបាលជំងឺ។ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ និងការចាកចេញពីភាពក្រីក្រ ជាការសន្យារបស់បក្សកុម្មុយនិស្តចិន ជាមួយប្រជាជនចិនផង ហើយក៏ជាការរួមចំណែកចំពោះសកលលោកផង។ បើចង់ផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរ ជូនប្រជាជនយើងមិនគួរពេញចិត្ត ចំពោះសមិទ្ធផលនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ គឺនៅមានកិច្ចការជាច្រើនទៀតដែរត្រូវបន្តខិតខំអនុវត្ត។
ទន្លេលឿងមានភាពសុខសាន្ត ជាបំណងប្រាថ្នារាប់ពាន់ឆ្នាំរបស់កុលបុត្រកុលធីតាចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានទៅដល់ខេត្តនិងតំបន់ចំនួន ៩ តាមកំណាត់ខាងលើ កណ្តាល និងខាងក្រោយនៃទន្លេលឿង។ មិនថាទន្លេលឿងនិងទន្លេយ៉ង់សេដែលជា «ទន្លេមាតា» របស់ប្រជាជាតិចិន ឬក៏បឹងឈីងហៃដែលមានទឹកថ្លាឆ្វង់ និងទន្លេយ៉ាឡូហ្សាំងប៉ូជាំងដ៏លាតសន្ធឹងអស្ចារ្យ , មិនថាវិស្វកម្មសតវត្សរ៍ ដែលបង្ហូរទឹកពីតំបន់ភាគខាងត្បូង ទៅកាន់តំបន់ភាគខាងជើង ឬក៏ «ផែនទីបៃតង» នៃតំបន់ព្រៃឈើហ្សៃហាន់ប៉ា, មិនថារឿងដែលដំរីខេត្តយូណានបំលាស់ទីទៅទិសខាងជើង ហើយត្រឡប់មកខាងត្បូងវិញ ឬក៏រឿងដែលសត្វកែះ Xizang វិលត្រឡប់ទៅស្រុកវិញ... រឿងរ៉ាវទាំងនេះសុទ្ធតែបង្ហាញឱ្យដឹងថា ឱ្យតែមនុស្សជាតិមិនបំផ្លាញបរិស្ថាន នោះបរិស្ថានមុខជានឹងសងគុណ ដល់មនុស្សជាតិវិញជាមិនខាន។
មួយឆ្នាំកន្លងទៅនេះ នៅប្រទេសចិនគេបានមើលឃើញ បានស្តាប់ឮ បានស្វែងយល់ ពីសំឡេង រឿងរ៉ាវ និងខណៈពេលជាច្រើន ដែលធ្វើឱ្យយើងបំភ្លេចមិនបាន។
ពាក្យសម្បថរបស់យុវវ័យដែលថា «សូមបក្សទុកចិត្ត ខ្ញុំនឹងចូលរួមលើកស្ទួយឱ្យប្រទេសជាតិខ្លាំងក្លា», ការបង្ហាញពីភក្តីភាពយ៉ាងស៊ីជម្រៅ ចំពោះមាតុប្រទេសរបស់ទាហានថា «ក្តីស្រលាញ់ដ៏ថ្លាឆ្វង់ ដើម្បីតែមាតុប្រទេស», យានអវកាស Zhurong កំពុងរុករកភពព្រះអង្គារ , ផ្កាយរណប Xihe កំពុងហោះទៅរកភពព្រះអាទិត្យ, ចំណែកស្ថានីយអវកាស Tianhe កំពុងធ្វើដំណើរតាមគន្លងតារាវិថី, កីឡាករកីឡាករិនីជម្រើសជាតិ តស៊ូយ៉ាងអង់អាចលើឆាកប្រកួតកីឡា ដើម្បីបង្កើតកំណត់ត្រាថ្មី, ទូទាំងប្រទេសចិនខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, មហាជននៅរងគ្រោះធម្មជាតិជួយយកអាសាគ្នា និងគាំទ្រគ្នាដោយបានស្តារស្រុកកំណើតឡើងវិញ, ចំណែកកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ បានពង្រឹងឆន្ទៈមោះមុតដើម្បីការពារមាតុប្រទេស... ការខិតខំតស៊ូរបស់វីរជនសាមញ្ញាចំនួនច្រើនរាប់មិនអស់ បានប្រមូលផ្តុំគ្នាក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការឈានទៅមុខយ៉ាងស្វាហាប់ នៃប្រទេសចិនក្នុងយុគសម័យថ្មី។
មាតុប្រទេសចិនតែងតែយកចិត្តទុកដាក់នឹងភាពរុងរឿង និងស្ថិរភាពនៃតំបន់ហុងកុង ម៉ាកាវ មានតែការតស៊ូព្យាយាមដោយឆន្ទៈតែមួយ នោះ ទើបគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» អាចដំណើរការយ៉ាងរលូន និងកាន់តែយូរអង្វែង។ ការសម្រេចបាននូវការបង្រួបបង្រួមជាតិចិនទាំងមូល គឺជាបំណងប្រាថ្នារួមរបស់បងប្អូនជនរួមជាតិចិន នៅត្រើយទាំងសងខាង។ សង្ឃឹមយ៉ាងស្មោះថា កុលបុត្រកុលធីតាចិនគ្រប់រូបនឹងអាចចាប់ដៃគ្នាបោះជំហានទៅមុខ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវររបស់ប្រជាជាតិចិន។
ពេលខ្ញុំប្រាស្រ័យទាក់ទងតាមទូរស័ព្ទ ឬប្រព័ន្ធវីដេអូជាមួយមេដឹកនាំបរទេស និងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ ពួកគេបានកោតសរសើរជាច្រើនដង ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិន និងការរួមចំណែករបស់ប្រទេសចិន ចំពោះការបង្ការនិងគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងនៅទូទាំងពិភពលោក។ គិតមកទល់បច្ចុប្បន្ន ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុប ២,០០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០។ ប្រទេសនានាលើពិភពលោករួមសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទើបអចចារទំព័រថ្មីនៃការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ។
នៅសល់ជាងមួយខែទៀតទេ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើក។ ធ្វើឱ្យមនុស្សកាន់តែច្រើនចូលរួមលេងកីឡាព្រឹលទឹកកក គឺជាគោលបំណងនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា។ ប្រទេសចិននឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ដ៏ឱឡារិកមួយលើក។ ពិភពលោកទន្ទឹងរង់ចាំចំពោះប្រទេសចិន ឯប្រទេសចិនក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ។
សំឡេងជួងនៃឆ្នាំថ្មីជិតនឹងបន្លឺឡើង។ អវកាសយានិកបីរូបរបស់ប្រទេសចិន កំពុងធ្វើការនៅក្នុងលំហអវកាស បងប្អូនជនរួមជាតិនៅឯនាយសមុទ្រ កំពុងខិតខំបំពេញការងារ បុគ្គលិកចិនប្រចាំការនៅបរទេសរួមមានស្ថានទូត ស្ថានកុងស៊ុលនិងសហគ្រាសទុនចិនជាដើម និងនិស្សិតចិនបន្តវិជ្ជានៅបរទេសកំពុងបន្តការងារ និងការសិក្សារបស់ខ្លួន អ្នកស្វែងរកក្តីសុបិនរាប់មិនអស់ កំពុងធ្វើការខិតខំតស៊ូរៀងៗខ្លួន។ អ្នកទាំងអស់គ្នានឿយហត់ហើយ ខ្ញុំសូមសម្តែងការជូនពរឆ្នាំថ្មីយ៉ាងស្មោះ ចំពោះអ្នកទាំងអស់គ្នា!
សូមយើងនាំគ្នាដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា! សូមជូនពរប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានក្តីសុខសប្បាយ!៕