(រីយ៉ូ ឌឺ ហ្សានេរ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបដិសេធទទួលយកជំនួយពីប្រទេសអាហ្សង់ទីន ដោយសង្កត់ធ្ងន់ថាប្រទេសរបស់លោកមិនត្រូវការ ជំនួយ ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។
មកទល់នឹងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មនុស្សយ៉ាងហោច ២៤នាក់ហើយបានស្លាប់ និងរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ខណៈភ្លៀងធ្លាក់ខ្លាំង នៅតែបន្តវាយប្រហារតំបន់ខ្លះស្ថិតនៅភាគឦសាននៃប្រទេសប្រេស៊ីល ជាពិសេសគឺរដ្ឋ Bahia។ ប៉ុន្តែ ទន្ទឹមគ្នា ការអធិប្បាយរបស់លោក Jair Bolsonaro បានទទួលរងការរិះគន់ភ្លាមៗ ពីសំណាក់អភិបាលរដ្ឋ Bahia ដែលជារដ្ឋរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់។
លោក Rui Costa ជាអភិបាលរដ្ឋ Bahia បានអះអាងថាអាជ្ញាធររបស់លោកពិតជាស្វាគមន៍ជំនួយពីបណ្ដាប្រទេសនានា និងបានចាត់ទុកថាគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ ជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋមួយនេះ។
គួរបញ្ជាក់ថា នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឱ្យដឹងថារដ្ឋាភិបាលអាហ្សង់ទីន មានបំណងបញ្ជូនក្រុមអ្នកជំនាញ ១០នាក់ ដើម្បីមកជួយរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន និងផ្កល់ជំនួយមួយចំនួន ដើម្បីជួយដល់ប្រតិបត្តិការជួយសង្រ្គោះរបស់ អាជ្ញាធរប្រេស៊ីល៕