(ញូដេលី)៖ ស្ថាប័នអភិរក្សសត្វខ្លារបស់ប្រទេសឥណ្ឌា បានរាយការណ៍ឱ្យដឹងថាសត្វខ្លាចំនួន ១២៦ក្បាល បានងាប់នៅឆ្នាំ២០២១នេះ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពី ការចាប់ផ្តើមចងក្រងទិន្នន័យ កាលពីមួយទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
បើតាមអាជ្ញាធរអភិរក្សសត្វខ្លាជាតិឥណ្ឌា (NTCA) សត្វខ្លាងាប់ថ្មីៗបំផុត ត្រូវបានកត់ត្រាកាលពីថ្ងៃពុធម្សិលមិញនេះនៅរដ្ឋម៉ាត់ឌីយ៉ា ប្រាដេស (Madhya Pradesh)។ ការបាត់បង់ចំនួនសត្វខ្លាខ្ពស់បំផុតក្នុងមួយឆ្នាំ គឺនៅឆ្នាំ២០១៦ ដែលមានសត្វខ្លាចំនួន ១២១ក្បាលបានងាប់។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាជម្រករបស់សត្វខ្លាប្រហែល ៧៥ភាគរយនៅជុំវិញពិភពលោក។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ មូលហេតុធំបំផុតដែលធ្វើឱ្យ សត្វខា្លងាប់ នោះគឺ «បុព្វហេតុធម្មជាតិ» ប៉ុន្តែសត្វខ្លាជាច្រើន ក៏បានរងគ្រោះដោយសារអ្នកប្រមាញ់ និង «ជម្លោះមនុស្ស និងសត្វ» ផងដែរ៕