(បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃពុធសប្តាហ៍នេះបានបញ្ជាក់ថា បេសកកម្មប្រយុទ្ធរបស់ ក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលោក ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីកងទ័ពរបស់ពួកគេ ដែលមានភារកិច្ចផ្នែកប្រយុទ្ធ ត្រូវបានដកចេញទាំងអស់ពីប្រទេសអ៉ីរ៉ាក់ ស្របទៅតាមការព្រមព្រៀងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
លោកនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ បានបង្ហោះសារប្រកាសឲ្យដឹងយ៉ាងដូច្នេះថា «បេសកកម្មប្រយុទ្ធរបស់ក្រុមយោធាចម្រុះអន្តរជាតិ ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ ដោយកងទ័ពផ្នែកប្រយុទ្ធនិងសព្វាវុធនានា ត្រូវបានដកចេញអស់ពីប្រទេសអ៉ីរ៉ាក់។ យោងទៅតាមការព្រមព្រៀងក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្ត នាពេលនេះតួនាទីរបស់ពួកគេ ត្រូវបានកំណត់ឱ្យនៅត្រឹមការផ្តល់ប្រឹក្សា និងការជួយគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះ»។
កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ សភាអ៉ីរ៉ាក់បានអនុម័តសេចក្តីសម្រេចមួយ ដែលតម្រូវឱ្យរដ្ឋាភិបាលអ៉ីរ៉ាក់ ធ្វើយ៉ាងណាបិទបញ្ចប់ឱ្យបាន នូវវត្តមានកងទ័ពបរទេស នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ។ កាលពីខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកនិងអ៉ីរ៉ាក់ ក៏បានបើកកិច្ចសន្ទនាយុទ្ធសាស្រ្តមួយ ហើយបានឯកភាពគ្នាលើការដកទ័ពអាមេរិកទាំងអស់ ដែលមានតួនាទីផ្នែកប្រយុទ្ធ ចេញពីទឹកដីអ៉ីរ៉ាក់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
គួរបញ្ជាក់ថា ក្រុមយោធាចម្រុះអន្តរជាតិ បានចាប់ផ្តើមបើកប្រតិបត្តិការប្រយុទ្ធនៅក្នុងប្រទេសអ៉ីរ៉ាក់ ប្រឆាំងនឹងក្រុមភេរវករ ISIS កាលពីឆ្នាំ២០១៤។ មុនការដកចេញខាងលើ អាមេរិកបានរក្សាទុកកងទ័ពសរុប២,៥០០នាក់នៅអ៉ីរ៉ាក់ ខណៈប្រទេសដែលចូលរួមផ្សេងៗទៀត បានរក្សាទុកប្រហែល ១,០០០នាក់៕