(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាន ឱ្យដឹងថាទីក្រុងម៉ូស្គូ នឹងស្វែងរកការធានាសនិ្តសុខយ៉ាងរឹងមាំមួយពីសហរដ្ឋអាមេរិក នៅក្នុងជំនួបទ្វេភាគីដែលគ្រោងនឹងធ្វើឡើងនៅឯ ទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) ក៏បានបញ្ជាក់ដែរថាជំនួបទ្វេភាគី រវាងអាមេរិក និងរុស្ស៊ី នឹងត្រូវធ្វើឡើងតាមគ្រោងទុកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ហើយក៏គ្មានការកែប្រែលើកាលបរិច្ឆេទនេះដែរ។ លោកស្រីបន្ថែមថាខាងភាគីប្រតិភូ រុស្ស៊ី នឹងត្រូវដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោក ស៊ែរហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) រីឯខាងប្រតិភូអាមេរិកដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោកស្រី វិនឌី ស៊ែរមែន (Wendy Sherman)។
គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់ក្រសួងការបរទេសរុស្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕