(ប៉េកាំង)៖ បច្ចុប្បន្ននេះ អ្នកផងកាន់តែច្រើនឡើងបានមើលឃើញច្បាស់ នូវគោលដៅ និងវិធីសាស្ត្រនៃបដិវត្តន៍ពណ៌ ប៉ុន្តែដោយសារជាធម្មតា វាមិនពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាទេ ដូច្នេះអ្នកផងទាំងពួងតែងតែវាយតម្លៃទាប ចំពោះផលវិបាករបស់វា។ ដើមឡើយវាច្បាស់ណាស់ អាចនិយាយបានថាបដិវត្តន៍ពណ៌ ក៏ជារូបភាពសង្គ្រាមមួយដែរ វាជាចំណែកចាត់តាំងដ៏សំខាន់នៃ «សង្គ្រាមចម្រុះ» របស់អាមេរិក។ ដោយឡែក បន្ទាប់ពីសង្គ្រាមត្រជាក់ សង្គ្រាមចម្រុះបានក្លាយវិធីសាស្ត្រដ៏សំខាន់របស់អាមេរិក សម្រាប់រក្សាបាននូវឋានៈអនុត្តរភាព និងសម្រេចបាននូវការគ្រប់គ្រង នៅលើពិភពលោកទាំងមូល។
បន្ទាប់ពីសង្គ្រាមត្រជាក់ ខណៈពេលធ្វើជ្រៀតជ្រែកនៅតំបន់ខាងក្រៅ អាមេរិកកាន់តែធ្វើផ្គើន និងបំពាន អាមេរិកបានធ្វើ «សង្គ្រាមចម្រុះ» ដោយគ្រប់ជ្រុងជ្រោយ និងវិស័យជាច្រើន តាមរយៈវិធីកាន់តែសម្ងាត់ជាងមុន ពោលគឺ៖ ប្រើប្រាស់ទម្រង់គ្រប់បែបយ៉ាង ដែលមានលក្ខណៈកាន់តែសម្ងាត់ កាន់តែមានភាពបោកបញ្ឆោត និងលក្ខណៈគ្រោះថ្នាក់ ធ្វើសង្គ្រាមស៊ើបការណ៍ សង្គ្រាមនយោបាយ សង្គ្រាមការទូត សង្គ្រាមសេដ្ឋកិច្ច និងពាណិជ្ជកម្ម សង្គ្រាមហិរញ្ញវត្ថុ សង្គ្រាមបច្ចេកវិទ្យា សង្គ្រាមបណ្តាញអ៊ីនធឺណែត សង្គ្រាមច្បាប់ និងសង្គ្រាមផ្លូវចិត្តជាដើម ដើម្បីសម្រេចបាននូវគោលបំណងវាយប្រហារដៃគូអន្តរជាតិ បង្កភាពចលាចលនៅសង្គមប្រទេសដទៃ ផ្តួលរលំរដ្ឋអំណាចប្រទេសដទៃ និងឆក់យកផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ច។
បើមើលពីសង្គ្រាមចម្រុះអាចឃើញថា ក្នុងអំឡុងពេលកន្លះសតវត្សន៍មក អាចនិយាយបានថា អាមេរិកបញ្ចេញស្នៀតនៅគ្រប់ទីកន្លែង ក្នុងក្របខ័ណ្ឌទូទាំងពិភពលោក រួមមានការប៉ះទង្គិច ភាពច្របូលច្របល់ ភាពភ័យខ្លាចនិងវិបត្តិគ្រប់បែបយ៉ាង សុទ្ធតែអាចឃើញវត្តមានរបស់អាមេរិកទាំងអស់។ យោងតាមស្ថិតិរបស់សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្ស នៃប្រទេសចិនបានឱ្យដឹងថា ពីពេលបញ្ចប់សង្គ្រាមលោកលើកទីពីរដល់ឆ្នាំ២០០១ នៅតំបន់ចំនួន ១៥៣ នៅលើពិភពលោក បានកើតមានការប៉ះទង្គិចកម្លាំងប្រដាប់អាវុធចំនួន ២៤៨លើក ក្នុងនោះ អាមេរិកបានបំផុសឡើង ២០១លើក ត្រូវជា ៨១ភាគរយនៃចំនួនសរុប។
ការបង្ករឿងច្រើនពេក ពិតជានឹងនាំមកនូវក្ដីអន្តរាយដល់ខ្លួនឯង។ សង្គ្រាមចម្រុះបានជួយអាមេរិកបង្ក្រាបដៃគូ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ក៏បានប៉ះពាល់ដល់មូលដ្ឋានអនុត្តរភាពរបស់អាមេរិក ដោយមើលមិនឃើញ។ វាអាចនាំមកនូវផលប្រយោជន៍ ក្នុងរយៈពេលដ៏ខ្លីដល់ច្រើនប៉ុណ្ណា ផលវិបាកចំពោះអាមេរិក ក្នុងរយៈពេលយូរក៏កាន់តែធ្ងន់ធ្ងរប៉ុណ្ណឹង។
ទីមួយ៖ សង្គ្រាមចម្រុះបានកាត់កម្សោយកិត្យានុភាពអន្តរជាតិរបស់អាមេរិក ហើយក៏កាន់តែបង្ហាញឱ្យឃើញច្បាស់នូវ ភាពអស់ជំនឿចិត្តរបស់អាមេរិក រឹតតែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ទីពីរ៖ សង្គ្រាមចម្រុះធ្វើឱ្យអាមេរិកចងគំនុំនៅគ្រប់ទីកន្លែង ក៏ធ្វើឱ្យសម័្ពន្ធមិត្តរបស់អាមេរិក ខកចិត្ត និងបាត់បង់ទំនុកចិត្ត។
ទីបី៖ សង្គ្រាមចម្រុះបានបង្កបង្កើតភេរវនិយម នៅទូទាំងពិភពលោក ធ្វើឱ្យការប៉ះទង្គិចអរិយធម៌នៅទូទាំងពិភពលោក មានសភាពធ្ងន់ធ្ងរទៅៗ ហើយមុខជានឹងនាំមកនូវផលវិបាក ដល់អាមេរិកជាមិនខាន។ ការគំរាមកំហែងភេរវនិយម ដែលមានកម្លាំងកាន់តែខ្លាំងក្លាបែបនេះ នឹងក្លាយជាគ្រោះថ្នាក់នៅពេលខាងមុខ របស់អាមេរិកជាប់រហូត ក្នុងបរិបទការប៉ះទង្គិចអរិយធម៌ ជោគវាសនារបស់អាមេរិក ក៏មានភាពកាន់តែមិនប្រាកដប្រជា ហើយវាចំជាភាពភ័យខ្លាចនៃ «បុរីលើកំពូលភ្នំ» ដែលចង់ស្វែងរកភាពប្រាកដប្រជា និងលក្ខណៈតែមួយគត់ហ្នឹងឯង៕