(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានអំពាវនាវឱ្យអាជ្ញាធរចិន និងហុងកុងដោះលែងបុគ្គលិកមកពីស្ថាប័នកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Stand News ដែលត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថាបានសមគំនិតក្នុងការបោះពុម្ព ផ្សាយព័ត៌មានដែលមានលក្ខណៈបំផុសបំផុលឱ្យមានការបះបោរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
លោក Antony Blinken បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយសំដៅទៅលើសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ថា «យើងអំពាវនាវឱ្យអាជ្ញាធរ PRC និងហុងកុង បញ្ឈប់ការកំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យរបស់ហុងកុង ហើយដោះលែងអ្នកកាសែត និងនាយកប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ដែលត្រូវបានឃុំខ្លួន និងចោទប្រកាន់ដោយអយុត្តិធម៌»។
លោក Antony Blinken បានបន្ថែមថា «តាមរយៈការបំបិទមាត់ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ PRC និងអាជ្ញាធរមូលដ្ឋានកំពុងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់ និងលទ្ធភាពរបស់ហុងកុង»។
គួរបញ្ជាក់ថា Stand News ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ គឺជាកាសែតដែលបោះពុម្ពផ្សាយព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោបំផុត នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីការស៊ើបអង្កេតផ្នែកសន្តិសុខជាតិនៅឆ្នាំនេះនាំទៅដល់ការបិទទ្វារកាសែត Apple Daily របស់មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយហុងកុងដ៏ល្បី គឺលោក ជីមមី ឡៃ (Jimmy Lai) ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។ ការវាយឆ្មក់ចុះឆែកឆេរទីស្នាក់ការកាសែត Stand News បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេរីភាពសារព័ត៌មាន នៅក្នុងទីក្រុងហុងកុង៕