(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងអនុញ្ញាតឱ្យទូកមួយគ្រឿងដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ ដែលជាប់គាំងនៅឯតំបន់ឆ្នេររបស់ខ្លួនចូលចតនៅក្នុងប្រទេស បន្ទាប់ពីមាន ការអំពាវនាវពីសំណាក់អង្គការមនុស្សធម៌ជាច្រើន ដើម្បីឱ្យជនភៀសខ្លួនទាំងនេះមានកន្លែងជ្រកកោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ, ក្រសួងសន្តិសុខឥណ្ឌូណេស៊ីបានបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃពុធ) រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចចិត្ត នៅក្នុងនាមមនុស្សជាតិ ដោយផ្ដល់នូវកន្លែងជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបច្ចុប្បន្នកំពុងរសាត់អណ្តែតនៅលើទូកមួយគ្រឿង នៅក្បែរស្រុក ប៊ីរឿន (Biereun) នៃខេត្តអាចេស (Aceh)។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមទៀតថា ការសម្រេចចិត្តនេះធ្វើឡើង ក្រោយមានការពិចារណាពីស្ថានភាពអាសន្ននៃ ជនភៀសខ្លួនដែលភាគច្រើនជាស្ត្រី និងកុមារ នៅលើទូកនោះ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីឥណ្ឌូណេស៊ី ក្នុងខេត្ត Aceh កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះបាននិយាយថា ពួកគេនឹងផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែលជា ១២០នាក់ នៅលើទូកមួយគ្រឿងដែលខូចម៉ាស៊ីន និងជាប់គាំងនៅឯតំបន់ឆ្នេររបស់ពួកគេ។ ប៉ុន្តែ នឹងមិនអនុញ្ញាតឱ្យជនភៀសខ្លួនទាំងនេះស្វែងរកកន្លែងជ្រកកោននៅក្នុង ប្រទេសឥណ្ឌូណេស៊ី ឡើយ៕