(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤៦៥,៦៧០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៧៧៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៤,៦៥៦,៨៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៤,២៧២នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា មេរោគបំប្លែងថ្មី Omicron បានរ៉ាប់រង ៥៨.៦ភាគរយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ។ ដោយឡែកអ្នកជំនាញកំពូលផ្នែកជំងឺនៅសហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) វិញបានលើកឡើងថា ករណីឆ្លង Omicron នឹងឈានដល់កម្រិតកំពូលនៅដំណាច់ខែមករា ឆ្នាំ២០២២។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៥លានដូស ក្នុងនោះប្រជាជន ២៤២.៨១លាននាក់ (៧៣.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៣.៨៣លាននាក់ (៦១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៧.១៦លាននាក់ (២០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕