(ហ្សឺណែវ)៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានចាត់ទុកថា ទ្វីបអឺរ៉ុបកំពុងប្រឈមនឹង «ស៊ូណាមិនៃករណីឆ្លងជំងឺ COVID-19» ដោយសារតែសន្ទុះនៃកំណើនករណីឆ្លងប្រចាំថ្ងៃ ដែលបង្កឡើងដោយវីរុស Omicron។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
អគ្គនាយក WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួន ក្នុងទីក្រុងហ្សឺណែវថា ការគំរាមកំហែងផ្ទួនៗគ្នា កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅអឺរ៉ុប នោះគឺសន្ទុះនៃករណីឆ្លងជំងឺ COVID-19 និងការចូលសម្រាកមន្ទីរពេទ្យ ព្រមទាំងការស្លាប់ផងដែរ។
ឧទាហរណ៍ជាក់ស្តែង ចក្រភពអង់គ្លេសបានរកឃើញករណីឆ្លង COVID-19 រហូតដល់ទៅជាង ១៨០,០០០នាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈបារាំងវិញ គឺរហូតដល់ទៅជាង ២០០,០០០នាក់ក្នុងមួយថ្ងៃដូចគ្នា។ WHO បានព្រមានកាលពីដើមសប្តាហ៍នេះថា ហានិភ័យបង្កឡើងដោយ Omicron នៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ណាស់ ហើយកាលពីសប្តាហ៍មុននេះ ករណីឆ្លង COVID-19 ទូទាំងពិភពលោក បានកើនឡើងរហូតដល់ទៅ ១១%។
គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron បានក្លាយជាវីរុសចម្បង នៅតាមប្រទេសធំៗមួយចំនួនរួចទៅហើយ ក្នុងនោះមានដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ដែលកន្លងមកនេះបានរងការវាយប្រហារយ៉ាងដំណំ ដោយវីរុស Delta រួចទៅហើយ។ ដោយឡែកប្រទេសអូស្ត្រាលី និងអាហ្សង់ទីនជាដើម ក៏សុទ្ធតែកំពុងមើលឃើញពី ឥទ្ធិពលកើនឡើងយ៉ាងគំហុករបស់ Omicron ផងដែរ៕