(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តអឺរ៉ុបរបស់ខ្លួន កំពុងរិះរកវិធីឆ្លើយតបទៅនឹងការបង្កើនសកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែននៃប្រទេសអ៊ុយក្រែន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Emily Horne បានឱ្យដឹងទៀតថាមេដឹកនាំនៃប្រទេសទាំង២ នឹងជជែកគ្នាលើបញ្ហា ជាច្រើន ក្នុងនោះរួមមានកិច្ចចរចាសន្តិសុខ និងភាពតានតឹងក្នុងតំបន់អឺរ៉ុប។ លោកស្រីបន្ថែមថាលោក បៃដិន ក៏បានពិភាក្សារួចហើយដែរជាមួយមេដឹកនាំអឺរ៉ុប ពាក់ព័ន្ធនឹង ស្ថានភាពនៅឯតំបន់ព្រំដែនអ៊ុយក្រែន ស្របពេលក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន បានជួបពិភាក្សាជាមួយ NATO, សហភាពអឺរ៉ុប និងអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អ៉ឺរ៉ុប។

ដោយឡែក នៅពេលត្រូវបានសាកសួរពីជំនួបរវាងលោក បៃដិន និងលោក ពូទីន ខាងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់យ៉ាងខ្លីថាជំនួបរវាង មេដឹកនាំទាំង២ គ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងបើកកិច្ចប្រជុំស្ដីពីបញ្ហាសន្តិសុខ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ខាងមុខ ហើយជំនួបបន្តបន្ទាប់រវាងរុស្ស៊ី និងអង្គការ NATO អាចនឹងធ្វើឡើងនៅថ្ងៃទី១២ ខែមករា ព្រមទាំងជំនួបរវាងទីក្រុងម៉ូស្គូ ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប នៅថ្ងៃទី១៣ ខែមករា៕