(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 រហូតដល់ ១៨៣,០៣៧នាក់ នៅក្នុងកំលុងពេល ២៤ម៉ោង ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ហើយបើធៀបនឹងតួលេខកាលពីមួយថ្ងៃមុនវិញ គឺបានកើនឡើងជាង ៥៣,០០០ករណីបន្ថែម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលអង់គ្លេសបានឲ្យដឹងថា ចំនួនករណីឆ្លងស្ទុះងើបឡើងយ៉ាងគំហុកនេះ គឺដោយសារតែការរាតត្បាតកាន់តែខ្លាំង នៃមេរោគ COVID-19 បំប្លែងថ្មី Omicron ដែលមានសមត្ថភាពចម្លងយ៉ាងឆាប់រហ័ស។ បើតាមរបាយការណ៍ចុងក្រោយ វីរុស Omicron កំពុងរ៉ាប់រងករណីឆ្លង COVID-19 ប្រចាំថ្ងៃរហូតដល់ទៅ ៩០% ទៅហើយ នៅទូទាំងចក្រភពអង់គ្លេស។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Borish Johnson) បានគូសបញ្ជាក់រួចហើយថា លោកនឹងមិនដាក់ចេញនូវវិធានការរឹតត្បិតអ្វីនោះឡើយ នៅក្នុងឱកាសប្រារព្ធទិវាឆ្លងឆ្នាំសកលខាងមុខនេះ។ លោក ចនសុន បានសង្កត់ធ្ងន់ថា ប្រជាជនអង់គ្លេសក្នុងចំនួនច្រើនរហូតដល់ទៅជាង ៣៣លាននាក់ (៥៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ដែលប្រការនេះមានន័យថា អង់គ្លេសមិនចាំបាច់មានច្បាប់ថ្មីទៀត សម្រាប់ឲ្យអនុវត្តនៅថ្ងៃឆ្លងចូលឆ្នាំថ្មីនោះឡើយ៕