(វ៉ាស៊ីនតោន)៖ ឆ្នាំ២០២១ អាចជាឆ្នាំដ៏អាក្រក់មួយសម្រាប់លោក ចូ បៃដិន ដែលត្រូវដោះស្រាយបញ្ហាប្រឈមធំៗទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ ប៉ុន្តែ ឆ្នាំ២០២២ខាងមុខនេះ ក៏ត្រូវបានក្រុមអ្នកជំនាញជាច្រើនមើលឃើញដែរថានឹងក្លាយជាឆ្នាំនៃការធ្វើតេស្ដមួយដ៏សំខាន់លើសមត្ថភាព និងជោគវាសនានៃតំណែង ជាប្រធានាធិបតីរបស់លោក ប្រសិនបើលោកសម្រេចចិត្តឈរឈ្មោះម្ដងទៀត នៅឆ្នាំ២០២៤។
សហរដ្ឋអាមេរិកសព្វថ្ងៃ បាន និងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាធំ២ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ពួកគេ ហើយបញ្ហាធំទាំង២នេះ អាចនឹងបន្តលងបន្លាចលោក បៃដិន នៅឆ្នាំ២០២២។ បញ្ហាទី១៖ គឺការព្រមានថារុស្ស៊ីអាចនឹងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយលុកចូល អ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំក្រោយ។ ចំណែកឯទី២ គឺអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថានៅតែបន្តចម្រាញ់សារធាតអ៊ុយរ៉ាញ៉ូម លើសកម្រិតហាមឃាត់ដែល នេះត្រូវបានប្រទេសមួយចំនួន ដូចជាអ៉ីស្រាអែលយល់ថាអ៉ីរ៉ង់នឹងប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះផលិតអាវុធនុយក្លេអ៊ែរ។ នេះមិនទាន់រាប់បញ្ចូលសំណុំរឿង អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តៃវ៉ាន់ និងការខ្ទប់ឥទ្ធិពលចិន ដែលសុទ្ធសឹងតែអាចបង្កភាពស្មុគស្មាញដល់លោក បៃដិនផង។
*ការធ្វើតេស្ដភ្លាមៗសម្រាប់លោក បៃដិន នៅឆ្នាំថ្មី
គោលនយោបាយការបរទេស និងសមត្ថភាពរបស់លោក ចូ បៃដិន មានភាពគួរឱ្យទុកចិត្តបានដែរ ឬក៏យ៉ាងណា អាចនឹងត្រូវបានលាតត្រដាងនៅដើមឆ្នាំ២០២២ ហើយ នយោបាយដ៏សំខាន់នោះគឺ គេរង់ចាំមើលថាតើលោក បៃដិន មានមធ្យោបាយអ្វី ឬអាចបញ្ចុះបញ្ចូល ឬក៏អាចរារាំងកុំឱ្យរុស្ស៊ីប្រើកម្លាំងយោធាលើអ៊ុយក្រែនបានដែរ ឬទេ?
បើតាមសេតវិមាន, ក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងជំនួបជាច្រើនទៀតក្រោយកិច្ចប្រជុំនេះ។ ក្រុមជំនាញ ភាគច្រើនយល់ឃើញដូចៗគ្នាថានយោបាយការបរទេសអាមេរិក រួមទាំងជំនឿទុកចិត្តលើអាមេរិកក្នុងការពារសន្តិសុខអឺរ៉ុប អាចនឹងត្រូវបានកំណត់ថាតើនឹងទៅជាយ៉ាងណា នៅក្រោមសំណុំរឿងអ៊ុយក្រែន។ អាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមកទល់នឹងពេលនេះ មិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយថាតើពួកគេនឹងចូលជួយអ៊ុយក្រែន ដោយ កម្លាំងយោធាប្រឆាំងនឹងរុស្ស៊ី ឬក៏យ៉ាងណានោះ ដោយមានតែការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុណ្ណោះ នៅក្នុងករណីទីក្រុងម៉ូស្គូបើកការវាយប្រហារណាមួយមែននោះ។
អ៊ុយក្រែនមិនមែនជាសមាជិក NATO ឬក៏ស្ថិតនៅក្រោមសន្ធិសញ្ញាដែលតម្រូវឱ្យអាមេរិកចូលជួយនោះដែរ។ ម្យ៉ាងវិញទៀត ទាំងអាមេរិក និងបណ្ដាអឺរ៉ុបត្រូវបានគេមើល ឃើញរួចទៅហើយថាមានជំហរទន់ខ្សោយ ប្រឈមមុខជាមួយយក្សដូចជារុស្ស៊ី ពោលគឺពួកគេម្នាក់ៗសុទ្ធតែបារម្ភពីសុវត្ថិភាពសន្តិជាតិ និងអាយុជីវិតរបស់ពួកគេ ហើយ ជំហរទន់ខ្សោយបែបនេះបានស្ដែងឱ្យឃើញតាំងតែពីឆ្នាំ២០០៨ ដែលទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើហ្ស៊កហ្ស៊ី និងឆ្នាំ២០១៤ ជាពេលដែលរុស្ស៊ីក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែន។
តែនេះមិនមែនមានន័យថាអាមេរិក និង NATO នឹងបណ្ដោយឱ្យរុស្ស៊ីធ្វើអ្វីតាមតែចិត្តនោះទេ ដោយពួកគេបានព្រមានរួចហើយថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្នុងនោះរួមមានទាំងការផ្ដាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ប្រសិនបើទីក្រុងម៉ូស្គូហ៊ានវាយប្រហារលើអ៊ុយក្រែនមែននោះ។ ដោយឡែក ក្រៅតែពីរឿងអ៊ុយក្រែន, អ៉ីរ៉ង់ក៏ជាបញ្ហាឈឺក្បាលមួយសម្រាប់លោក បៃដិន ផងដែរ។
ខណៈការចរចាស្ដីពីការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីឆ្នាំ២០១៥ នៅតែជាប់គាំងគ្មានច្រកចេញ, ទីក្រុងតេហេរ៉ង់ត្រូវបានរាយការណ៍ថាបច្ចុប្បន្ន កំពុង ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ភាគរយ ហើយនេះជាការបោះជំហានមួយដែលអ៉ីស្រាអែលចោទថាអ៉ីរ៉ង់កំពុងព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ជាពិសេស នៅពេល សារធាតុអ៊ុយរ៉ាញ៉ូមសុទ្ធត្រូវបានចម្រាញ់ដល់កម្រិត ៩០ភាគរយ។
ដូច្នេះប្រសិន បើនយោបាយការទូតរបស់លោក បៃដិន ទទួលបរាជ័យ នោះអ៉ីស្រាអែល នឹងត្រូវប្រឈមមុខនឹងសំណួរមួយថាតើត្រូវប្រើប្រាស់កម្លាំងយោធាវាយកម្ទេច រោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ដែរ ឬក៏យ៉ាងណា ហើយបើមានការវាយប្រហារបែបនេះមែន សង្រ្គាមទាំងស្រុងមួយក្នុងតំបន់មជ្ឈិមបូព៌ាអាចផ្ទុះឡើង ដែលអាចនឹងធ្វើឱ្យអាមេរិក ធ្លាក់ចូលក្នុងវិបត្តិសង្រ្គាមសាជាថ្មី៕
ប្រភព៖ CNN (ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១)