(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសម៉ាឡេស៊ីនឹងផ្តល់ជំនួយជាសាច់ប្រាក់ចំនួន១.៤ពាន់លានរីងហ្គីដ (៣៣៤.៩៣លានដុល្លារ) ព្រមទាំងទម្រង់ជំនួយផ្សេងទៀត សម្រាប់ជនរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
លោក Ismail Sabry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការសង្គ្រោះរបស់រដ្ឋាភិបាលនឹងរួមបញ្ចូលជំនួយជាសាច់ប្រាក់ដោយផ្ទាល់ ដោយយ៉ាងហោចណាស់សម្រាប់ ៣០,០០០គ្រួសារដែលរងផលប៉ះពាល់ សម្រាប់ធ្វើបុណ្យសព សម្រាលវិក័យប័ត្រ និងការជួសជុលយានយន្តជាដើម។
វាក៏នឹងរួមបញ្ចូលផងដែរនូវមូលនិធិសម្រាប់ការសម្អាត និងការកសាងឡើងវិញក្រោយទឹកជំនន់ ជាពិសេសនៅក្នុងរដ្ឋដែលរងគ្រោះខ្លាំងបំផុតគឺ Selangor និង Pahang ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៧ ខែធ្នូ មានមនុស្សជិត ៧០,០០០នាក់ត្រូវបានជម្លៀសចេញ ខណៈដែលយ៉ាងហោចណាស់ ៤៨នាក់ត្រូវបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា ដែលបានបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងរដ្ឋចំនួន៨ របស់ម៉ាឡេស៊ី៕