(ញូយ៉ក)៖ នៅក្នុងសារឆ្នាំថ្មីមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជំរុញឱ្យ មនុស្សគ្រប់រូបខិតខំស្តារឡើងវិញនូវផលប្រយោជន៍ដែលផ្ដល់ដល់មនុស្សគ្រប់គ្នា ក៏ដូចជាភពផែនដីទាំងមូល និងនាំមកនូវជាមួយភាពរុងរឿង។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
លោក Antonio Guterres បានលើកឡើងថា «ពិភពលោកបានស្វាគមន៍ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងក្តីសង្ឃឹមរបស់យើងសម្រាប់ អនាគតដែលត្រូវបានសាកល្បង ដោយភាពក្រីក្រកាន់តែខ្លាំង និងវិសមភាពកាន់តែអាក្រក់... ការចែកចាយវ៉ាក់សាំង COVID មិនស្មើភាពគ្នា... ការធ្លាក់ចុះនៃការប្តេជ្ញាចិត្តដោះស្រាយបញ្ហា បម្រែបម្រួលអាកាសធាតុ និងការបន្តរក្សាជម្លោះ ការបែកបាក់គ្នា និងការចែកចាយព័ត៌មានមិនពិត»។
លោក Antonio Guterres បានបន្ថែមថា ទាំងនេះមិនមែនគ្រាន់តែជាការសាកល្បងគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការសាកល្បងសីលធម៌ និងជីវិតពិតដែល មនុស្សជាតិទាំងអស់អាចឆ្លងកាត់បាន ប្រសិនបើយើងប្តេជ្ញាធ្វើឱ្យឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំនៃការស្តារឡើងវិញនូវដំណោះស្រាយល្អៗសម្រាប់មនុស្សគ្រប់គ្នា ដូចជាជំងឺឆ្លងរាតត្បាត COVID-19 គឺត្រូវការទាមទារឱ្យមាន «ផែនការដ៏មោះមុតមួយ ដើម្បីផ្ដល់ការចាក់វ៉ាក់សាំងជូនដល់មនុស្សគ្រប់រូប និងគ្រប់ទីកន្លែង»។
លោក Antonio Guterres ក៏បានជំរុញផងដែរឱ្យប្រទេសអ្នកមានឱ្យជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយការផ្ដល់នូវហិរញ្ញវត្ថុ ការវិនិយោគ និងការបន្ធូរបន្ថយបំណុល សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។
បើតាមលោក Antonio Guterres ដើម្បីស្ដារឡើងវិញនូវការមិនទុកចិត្ត និងការបែកបាក់គ្នា គឺត្រូវការការមើលឱ្យជាក់លាក់លើអង្គហេតុ និងហេតុផលសមស្រប ដោយលោក បានអំពាវនាវឱ្យមាន «ស្មារតីឡើងវិញក្នុងការសន្ទនា ការសម្របសម្រួល និងការផ្សះផ្សា»។ រីឯការស្ដារឡើងវិញនូវភពផែនដីរបស់យើង គឺត្រូវការ «ការប្តេជ្ញាចិត្តដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុដែលត្រូវគ្នានឹងទំហំនៃបញ្ហា និងភាពបន្ទាន់នៃវិបត្តិ»។ ដូច្នេះ សូមរួមគ្នាធ្វើការស្ដារឡើងវិញនូវដំណោះស្រាយរបស់យើង សម្រាប់ ឆ្នាំ២០២២ខាងមុខនេះ»៕