(បាងកក)៖ ការស្ទង់មតិមួយនាពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យបាងកក បានបង្ហាញថា ប្រជាជនថៃភាគច្រើនពុំមានផែនការធ្វើដំណើរទៅណាឡើយ ក្នុងឱកាសឆ្លងឆ្នាំសកល ដោយពួកគេនៅមានក្តីបារម្ភអំពី ការរាតត្បាតនៃជំងឺ COVID-19 នៅឡើយ ប៉ុន្តែក៏រំពឹងដែរថា បរិយាកាសនឹងមានភាពអ៊ូអរសប្បាយរីករាយជាងមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
ការស្ទង់មតិខាងលើត្រូវបានធ្វើឡើង តាមរយៈការសម្ភាសតាមទូរស័ព្ទ កាលពីចន្លោះថ្ងៃទី១៧-២១ ខែធ្នូ ឆ្នាំ២០២១ ជាមួយមនុស្សសរុប១,១១៧នាក់ នៅទូទាំងប្រទេសថៃ ដោយពួកគេទាំងនោះស្ថិតក្នុងក្រុមអាយុចម្រុះ និងមានកម្រិតអប់រំខុសៗគ្នា។ មតិភាគច្រើនគឺ ៥៥.២ភាគរយ ជឿជាក់ថា សកម្មភាពអបអរបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ នឹងប្រារព្ធឡើងក្នុងបរិយាកាសអ៊ូអរជាងឆ្នាំមុន។ នៅពេលត្រូវសួរសំណួរថា តើពួកគេគ្រោងធ្វើដំណើរទៅណាដែរឬអត់ កំលុងឱកាសចូលឆ្នាំសកល មតិ៥១.៥ភាគរយ បានឆ្លើយថា ពួកគេគ្រោងនៅផ្ទះវិញ ដោយសារបារម្ភអំពី COVID-19។
គួរបញ្ជាក់ថា បច្ចុប្បន្នការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសថៃ គឺស្ថិតនៅកម្រិតខ្ទង់ជាង២,០០០នាក់ ក្នុងមួយថ្ងៃនៅឡើយទេ ហើយក៏មានអ្នកជំងឺស្លាប់ជាប់រហូតផងដែរ។ បន្ថែមពីនេះ ករណីឆ្លងនៃវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញនៅក្នុងប្រទេសថៃ ក៏បានកើនដល់ជាង៧០០ករណីផងដែរ ក្នុងនោះជាង៣០ភាគរយ ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ថៃបានចាក់បានសរុប ១០៣.១៤លានដូស ក្នុងនោះប្រជាជន ៤៥.៥៩លាននាក់ (៦៥.១៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕