(ប្រេតូរីយ៉ា)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្រ្តនៅអាហ្រ្វិកខាងត្បូង បានរកឃើញថា វីរុស COVID-19 បំប្លែងថ្មី Omicron អាចនឹងគ្របដណ្តប់ករណីឆ្លងលើពិភពលោក ជំនួសវីរុស Delta ដោយសារតែការឆ្លង Omicron អាចជួយពង្រឹងប្រព័ន្ធភាពស៉ាំរបស់យើងប្រឆាំងនឹង Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
យោងតាមការសិក្សាខាងលើ បុគ្គលដែលឆ្លងវីរុស Omicron ជាពិសេសអ្នកដែលបានចាក់វ៉ាក់សាំងរួច គឺអភិវឌ្ឍនូវប្រព័ន្ធភាពស៉ាំកាន់តែរឹងមាំជាងមុន ប្រឆាំងជាមួយវីរុស Delta។ យ៉ាងណាក្តី ពាក់ព័ន្ធសំណួរថាតើ ការដែលវីរុស Omicron អាចនឹងជំនួសវីរុស Delta បែបនេះ ជាដំណឹងវិជ្ជមានឬអវិជ្ជមាននោះ គឺវានឹងអាស្រ័យទៅលើការរកឃើញឲ្យច្បាស់ថា Omicron ពិតជាមិនអាចសាហាវដូច Delta ប្រាកដមែនឬក៏យ៉ាងណា។
ប្រសិនបើ Omicron ពិតជាបង្កស្ថានភាពជំងឺស្រាលជាង Delta មែននោះ គឺនៅក្នុងករណីដែលវាឡើងជំនួស Delta អត្រាអ្នកជំងឺដែលអាចវិវត្តទៅរកសភាពធ្ងន់ធ្ងរ និងអត្រាអ្នកជំងឺដែលអាចបាត់បង់ជីវិត នឹងត្រូវកាត់បន្ថយ ហើយការឆ្លងជំងឺ COVID-19 នឹងហាក់លែងសូវបង្កទុក្ខលំបាកខ្លាំងចំពោះ បុគ្គលក៏ដូចជាសង្គមតទៅទៀត។
គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ គិតមកទល់ពេលនេះ គឺបានរាតត្បាតជុំវិញពិភពលោក។ ការសិក្សាមួយចំនួនធ្លាប់បានរកឃើញថា អ្នកដែលឆ្លង Omicron ហាក់ប្រឈមហានិភ័យទាប ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ បើធៀបជាមួយអ្នកដែលឆ្លង Delta។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានលើកហេតុផលថា ប្រហែលដោយសារតែ មនុស្សភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់៕