(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៥៧៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈករណីវិជ្ជមានវីរុស អូមីក្រុង (Omicron) ក៏បានកើនឡើងដល់ ៧៣៩ករណីផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៥៣៥ករណី ត្រូវបានរកឃើញលើប្រជាជនទូទៅ ខណៈ ៤០ករណីទៀតត្រូវបានរកឃើញលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៦៩៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២១៧,២៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៦៤៧នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៦២,១៣៨នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៣.១៤លានដូស ក្នុងនោះប្រជាជន ៤៥.៥៩លាននាក់ (៦៥.១៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕