(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ឌែលហ្វីន ឡូរិនហ្សាណា (Delfin Lorenzana) បានថ្លែងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ប្រទេសដីកោះនេះបានបញ្ជាទិញ នាវាចម្បាំងថ្មីៗចំនួន ០២គ្រឿងពីក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ (Hyundai Heavy Industries) របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹកខ្លួន ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងបញ្ហា នៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
កិច្ចព្រមព្រៀងតម្លៃ ៥៥៦លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនយក្សកូរ៉េខាងត្បូងខាងលើនេះ បានកើតមានឡើង ៥ឆ្នាំ បន្ទាប់ពីក្រុមហ៊ុនដដែលនេះ បានឈ្នះកិច្ចព្រមព្រៀងសាងសង់នាវាយោធាខ្នាតតូច ចំនួនពីរគ្រឿងពីមុនសម្រាប់ កងទ័ពជើងទឹកហ្វីលីពីនដូចគ្នា។ នាវាយោធាខ្នាតតូចទាំងពីរគ្រឿងមុននេះ គឺជាប្រភេទនាវាជំនួយដែលមានល្បឿនលឿន ដែលនឹងត្រូវប្រើប្រាស់ក្នុងការការពារ នាវាចម្បាំងធំៗពីការវាយប្រហារ។
លោក Delfin Lorenzana បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយ នៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ នៅទីក្រុងម៉ានីលថា «គម្រោងនេះនឹងផ្តល់ឱ្យកងទ័ពជើងទឹកហ្វីលីពីន នូវនាវាចម្បាំងទំនើបៗចំនួន ០២គ្រឿង ដែលមានសមត្ថភាពប្រឆាំងនឹងនាវាចម្បាំងផ្សេងទៀត ក៏ដូចជានាវាមុជទឹក និងការវាយប្រហារតាមដែនអាកាសជាដើម»។
គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងម៉ានីលបានទិញនាវាល្បាតអាមេរិកចំនួន ០២គ្រឿង និងយន្តហោះល្បាតចំនួន ០៣គ្រឿងពីប្រទេសអូស្ត្រាលី ក៏ដូចជានាវាល្បាតពីប្រទេសជប៉ុនផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវត្តមានរបស់ហ្វីលីពីន នៅតំបន់សមុទ្រចិនខាងត្បូង ជាកន្លែងដែលប្រទេសដីកោះនេះកំពុងប្រឈមមុខនឹងជម្លោះជាមួយចិន៕