(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣១២,៩៣៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៨១១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៤,១៤៨,៥៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤២,១៦១នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៣២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា មេរោគបំប្លែងថ្មី Omicron បានរ៉ាប់រង ៥៨.៦ភាគរយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៣លានដូស ក្នុងនោះប្រជាជន ២៤២.៤៣លាននាក់ (៧៣.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៣.៦១លាននាក់ (៦១.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៦.២៦លាននាក់ (២០.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕