(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាមេរោគបំប្លែងថ្មី Omicron បានរ៉ាប់រង ៥៨.៦ភាគរយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
បើតាម CDC ការវាយតម្លៃខាងលើគឺមានការប្រែប្រួល ពោលគឺសមាមាត្រនៃករណីឆ្លង Omicron ត្រូវបានកែតម្រូវឡើងវិញ បន្ទាប់ពីទិន្នន័យនៅចន្លោះពីថ្ងៃទី១៨ ដល់ថ្ងៃទី ២២ ខែធ្នូកន្លងទៅនេះ បានបង្ហាញថាមេរោគបំប្លែងថ្មីនេះ រ៉ាប់រងករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិកដល់ទៅ ៧៣ភាគរយឯណោះ។ មជ្ឈមណ្ឌលមួយនេះ ក៏បានបញ្ជាក់ដែរថាការវាយតម្លៃឡើងវិញរបស់ខ្លួនគឺផ្អែកលើទិន្នន័យបន្ថែម និងដោយសារតែការឆ្លងយ៉ាងរហ័សនៃមេរោគបំប្លែងថ្មី Omicron មានមួយផ្នែកខ្លះដែល បណ្ដាលឱ្យចេញទិន្នន័យខុសគ្នាបែបនេះ។
គួរបញ្ជាក់ថា មេរោគបំប្លែងថ្នី Omicron ដែលត្រូវបានគេកំណត់អត្តសញ្ញាណមុនគេនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ ត្រូវបានរាយការណ៍ជាលើក ដំបូងនៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែធ្នូនេះ លើអ្នកដំណើរម្នាក់បានចាក់វ៉ាក់សាំងគ្រប់ដូស និងដែលធ្វើដំណើរត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ៕