(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីព្រមានមួយ នៅថ្ងៃពុធនេះថា ហានិភ័យបង្កឡើងដោយវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅតែស្ថិតក្នុងកម្ពស់ខ្ពស់ណាស់ ខណៈករណីឆ្លងទូទាំងពិភពលោក ត្រូវបានគេមើលឃើញកំណើនរហូតដល់ ១១% កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍ នៃស្ថានការណ៍រាតត្បាត COVID-19, អង្គការ WHO បានគូសបញ្ជាក់ថា វីរុស Omicron កំពុងស្ថិតនៅពីក្រោយការកើនឡើងនូវករណីឆ្លង នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមានទាំងប្រទេស ដែលបានមើលឃើញករណីឆ្លង Omicron កើនឡើងលើសពីករណីឆ្លងវីរុស Delta ដែលធ្លាប់តែមានឥទ្ធិពល ខ្លាំងជាងគេពីមុនផងដែរ។
ក្នុងនោះដែរ WHO បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ហានិភ័យជារួម ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron នៅតែស្ថិតក្នុងកម្រិតខ្ពស់ណាស់។ Omicron កំពុងជំរុញសន្ទុះនៃការឆ្លងរាតត្បាតខ្លាំង ដូចត្រូវបានមើលឃើញ នៅតាមប្រទេសមួយចំនួនដូចជា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ដែលមេរោគនេះបានក្លាយជា មេរោគរាតត្បាតច្រើនបំផុតរួចទៅហើយ»។
បើតាមក្រុមអ្នកជំនាញរបស់ WHO, ការកើនឡើងយ៉ាងឆាប់រហ័ស នៃករណីឆ្លង Omicron គឺទំនងជាដោយសារការធ្លាក់ចុះ នៃប្រព័ន្ធភាពសុំា និងការបង្កើនសមត្ថភាពចម្លងរបស់វីរុសនេះផ្ទាល់។ យ៉ាងណាក៏ដោយ WHO ក៏បានលើកឡើងពីការធ្លាក់ចុះករណីឆ្លងរហូតដល់ ២៩% នៅអាហ្វ្រិកខាងត្បូងផងដែរ ដែលជាប្រទេសបានរកឃើញវត្តមានមេរោគ Omicron នេះដំបូងគេកាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
គួរបញ្ជាក់ថា យោងតាមទិន្នន័យបានមកពីការសិក្សាបឋមចុងក្រោយ នៅចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង និងដាណឺម៉ាក ដែលបច្ចុប្បន្នសុទ្ធតែជាប្រទេស មានករណីឆ្លងវីរុស Omicron ក្នុងកម្រិតខ្ពស់នោះបានបង្ហាញថា ទោះបី Omicron មានសមត្ថភាពចម្លងពីមនុស្សទៅមនុស្ស បានយ៉ាងលឿនក៏ពិតមែន តែហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ចូលសម្រាកក្នុងមន្ទីរពេទ្យនោះ គឺនៅមានកម្រិតទាបជាងវីរុស Delta៕