(ម៉ូស្គូ)៖ ក្នុងពេលប៉ុន្មានសប្ដាហ៍ក្រោយនេះ រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានបង្កើនចំនួនកងទ័ពរបស់ខ្លួន នៅតាមបណ្ដោយព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន ដែល បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភថានេះជាការត្រៀមលក្ខណៈប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំ បើទោះជារុស្ស៊ីច្រានចោលការសន្មត់បែបនេះក៏ដោយ។ បើតាម ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក រុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែននៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២។
កាលពីថ្ងៃទី១៧ ខែធ្នូកន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបាននិយាយថា គ្មានរដ្ឋ ឬប្រទេសជាអតីតដែនដីសហភាពសូវៀតណាមួយដូចជាអ៊ុយក្រែន អាច ចូល ឬក៏ត្រូវបានគេបញ្ចូលជាសមាជិកបក្សសម្ពន្ធយោធា NATO បាននោះទេ។ ការប្រកាសបែបនេះរបស់លោក ពូទីន ត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថាជារុស្ស៊ីនៅតែ
មើលឃើញថាអ៊ុយក្រែនជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ពោលគឺអ៊ុយក្រែនមិនមែនជារដ្ឋអធិបតេយ្យមួយនោះឡើយ ហើយរុស្ស៊ីក៏មិនបានទទួលស្គាល់ថាអ៊ុយក្រែនជារដ្ឋ អធិបតេយ្យមួយនោះដែរ។
*រុស្ស៊ី និងអ៊ុយក្រែន៖ ប្រជាជនតែមួយ, ប្រទេសតែមួយ?
សព្វថ្ងៃ, អ៊ុយក្រែនមានប្រជាជនសរុប ៤៤លាននាក់ និងជាប្រទេសមានទឹកដីធំលំដាប់ទី២ នៅអឺរ៉ុប។ ប៉ុន្តែ អស់រយៈពេលរាប់ស.វ នៅក្រោមការគ្រប់គ្រងនៃចក្រភពរុស្ស៊ី អ៊ុយក្រែន ត្រូវបានគេស្គាល់ឈ្មោះថា Malorossiya ឬមានន័យថារុស្ស៊ីតូច (Little Russia) ហើយការប្រើប្រាស់ពាក្យនេះ គឺមានន័យយ៉ាងច្បាស់ចង់សំដៅថាអ៊ុយក្រែន ជាផ្នែកមួយនៃទឹកដីចក្រភពរុស្ស៊ី។
ជាក់ស្ដែង កាលពីឆ្នាំ២០១៨ អតីតអ្នកនាំពាក្យម្នាក់របស់លោក ពូទីន គឺលោក Vladislav Surkov បានអះអាងដោយបើកចំហថាអ៊ុយក្រែនមិនមែនជារដ្ឋមួយនោះទេ។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ សូម្បីតែលោក ពូទីន ក៏បានលើកឡើងផងដែរថា «ប្រជាជនរុស្ស៊ី និងអ៊ុយក្រែន» គឺជាប្រជាជនតែមួយ ប្រទេសតែមួយ។
តាមពិតទៅ ការយល់ឃើញថាអ៊ុយក្រែនជាផ្នែកមួយនៃទឹកដីរុស្ស៊ី កើតចេញពីប្រវត្តិសាស្ត្រនៃអាណាចក្រ កៀវវ៉ាន់ រុស (Kyivan Rus) នាមជ្ឈិមសម័យដែលមានរួមបញ្ចូល ទាំងសម័យទំនើបរបស់រុស្ស៊ី និងអ៊ុយក្រែន ដែលមានទីក្រុងកៀវ ជារាជធានីនៅពេលនោះ។ បច្ចុប្បន្ន ទីក្រុងកៀវជារដ្ឋធានីរបស់អ៊ុយក្រែន។ ដោយឡែក នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ, ការប្រារព្ធខួបនៃប្រវត្តិសាស្ត្រអាណាចក្រ Kyivan Rus នៅក្នុងប្រទេសរុស្ស៊ី កាន់តែរីកធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កាលពីឆ្នាំ២០១៦ រូបសំណាក ព្រះអង្គម្ចាស់ វ្ល៉ាឌីមៀ កៀវ (Vladimir of Kyiv) មានកម្ពស់១៥ម៉ែត្រ និងដែលត្រូវបានប្រជាជនរុស្ស៊ី និងអ៊ុយក្រែនចាត់ទុកថា «ស្ដេចដ៏បរិសុទ្ធ» របស់ពួកគេត្រូវបាន ដាក់តាំងបង្ហាញនៅក្នុងទីក្រុងម៉ូស្គូ។
ប៉ុន្តែ រូបសំណាកនេះក៏បានបង្កឱ្យមានការខឹងសម្បារនៅក្នុងចំណោមប្រជាជនអ៊ុយក្រែនផងដែរ។ ដ្បិតពួកគេយល់ថាការដំឡើងរូបសំណាកនេះ នៅចំកណ្ដាលទីក្រុងម៉ូស្គួ គឺមានន័យថាជាការព្យាយាមមួយរបស់រុស្ស៊ី ក្នុងការកាន់កាប់ប្រវត្តិសាស្ត្រអ៊ុយក្រែន ហើយរឿងបែបនេះបានក្លាយជាការពិត បន្ទាប់ពីរុស្ស៊ីបានក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែននៅឆ្នាំ២០១៤។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញក្រៅតែវប្បធម៌ និងប្រវត្តិសាស្ត្រ, រុស្ស៊ីមើលឃើញថាអ៊ុយក្រែនជាទ្រនាប់ការពារមួយដ៏សំខាន់ ពីការឈ្លានពានណាមួយរបស់ NATO ដឹកនាំដោយសហរដ្ឋអាមេរិក និងជាតំបន់ភូមិសាស្ត្រនយោបាយមួយមិនអាចខ្វះបាន ដែលលោក ពូទីន ផ្ទាល់ត្រូវការជាចាំបាច់ដើម្បីបង្កើតចក្រភពរុស្ស៊ីមួយឡើងវិញ ក៏ដូចជាពង្រឹងឥទ្ធិពលរុស្ស៊ីនៅជុំវិញពិភពលោក៕
ប្រភព៖ CNA (ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១)