(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួសជុលទូកដឹកជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាច្រើនជាង ១០០នាក់ ដែលកំពុងជាប់គាំងនៅឯតំបន់ឆ្នេររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាត ឱ្យជនអន្តោប្រវេសន៍ទាំងនេះ ស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះឡើយ ដោយអាជ្ញាធរនឹងបញ្ជូនទូកដឹកពួកគេទាំងនោះ ឲ្យចេញទៅវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើក្រុមមន្ត្រីឥណ្ឌូណេស៊ី បានឱ្យដឹងថា ជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា មានទាំងបុរស ស្ត្រី និងកុមារប្រហែលជា ១២០នាក់ បាននិងកំពុងជាប់គាំងនៅលើទូកមួយគ្រឿង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ នៅឯតំបន់ឆ្នេរ ប៊ឺរឿន (Bireuen) ជាស្រុកមួយស្ថិតនៅលើកោះ ស៊ូម៉ាត្រា (Sumatra)។
មន្ត្រីឥណ្ឌូណេស៊ីក្នុងតំបន់ម្នាក់ឈ្មោះ ដៀន ស៊ូរីយ៉ាន់សាយ៉ាស់ (Dian Suryansyah) បានប្រាប់ Reuters ដូច្នេះថា «រ៉ូហ៊ីងយ៉ាមិនមែនជាពលរដ្ឋឥណ្ឌូណេស៊ីឡើយ... ដូច្នេះយើងមិនអាចទទួលយកពួកគេ ក្នុងនាមជាជនភៀសខ្លួននោះទេ តែយើងនឹងផ្ដល់ជំនួយមនុស្សធម៌នានាដល់ពួកគេ ក្នុងនោះរួមមានចំណីអាហារ, ថ្នាំពេទ្យ និងទឹក មុននឹងបញ្ជូនទូករបស់ពួកគេ ចេញពីដែនទឹករបស់យើង»។
គួរបញ្ជាក់ថា បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) ទូកដឹកជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាខាងលើ បានជាប់គាំងនៅឯតំបន់ឆ្នេរ នៃប្រទេសឥណ្ឌូណេស៊ី ដោយសារតែមានបញ្ហាគាំងម៉ាស៊ីនទូក ហើយអាជ្ញាធរគួរតែអនុញ្ញាតឱ្យពួកគេឡើងលើគោក។ UNHCR ក៏បានបង្ហាញពីក្ដីព្រួយបារម្ភ ចំពោះសុវត្ថិភាព និងអាយុជីវិតជនអន្តោប្រវេសន៍ នៅលើទូកនេះផងដែរ។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពដែលអាចបញ្ជាក់ថា តើក្រោយត្រូវអាជ្ញាធរឥណ្ឌូណេស៊ីបញ្ចេញទៅវិញ ទូកនោះនឹងមានគោលដៅទៅណាទៀតនោះឡើយ៕