(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចោទសហរដ្ឋអាមេរិកថា មិនមានភាពទទួលខុសត្រូវតាមកាតព្វកិច្ច ស្ថិតក្រោមសន្ធិសញ្ញាគ្រប់គ្រង ទីអវកាសរបស់អន្តរជាតិ ដែលប្រការនេះកំពុងធ្វើឲ្យក្រុមអវកាសយានិក ប្រឈមមុខនឹងគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) ដើម្បីបង្ហាញអំពីបញ្ហានានា ដែលអាចបង្កឡើងដោយកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍវិស័យអវកាសរបស់ ក្រុមហ៊ុននានានៅសហរដ្ឋអាមេរិក។ ប្រទេសចិនបានទទូចដោយផ្ទាល់់ ទៅកាន់សហរដ្ឋអាមេរិក ឲ្យបញ្ចេញសកម្មភាពទាំងឡាយនៅទីអវកាស «ប្រកបដោយភាពទទួលខុសត្រូវ»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ដោយក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីពលរដ្ឋចិនជាច្រើន បានរិះគន់ធ្ងន់ៗចំពោះ កម្មវិធីបាញ់បង្ហោះផ្កាយរណប «Starlink» របស់ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX គឺលោក អ៊ីឡុន ម៉ាសក៍ (Elon Musk)។
ការរិះគន់ជាច្រើននោះបានកើតមានឡើង បន្ទាប់ពីថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសចិនបានតវ៉ាថា ក្រុមអវកាសយានិកនៅលើស្ថានីយអវកាសចិន ត្រូវបានបង្គាប់ឲ្យចូលក្នុងជម្រកសុវត្ថិភាព ដើម្បីបញ្ចៀសការប៉ះទង្គិចជាមួយ ក្បួនផ្កាយរណប Starlink របស់លោក Elon Musk៕