(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកបានឃោសនាបំប៉ោង ពីរឿងសិទ្ធិមនុស្សរបស់ប្រទេសចិន យ៉ាងឆ្កួតលីលា។ ពីការប្រឌិតអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគ ស៊ីនជាំង ដល់ការតែងតាំងអ្វីដែលហៅថា «អ្នកសម្របសម្រួលពិសេសអំពីកិច្ចការតំបន់ Xizang» ភាគីអាមេរិកបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដោយយក «សិទ្ធិមនុស្ស» ធ្វើជាលេស ដែលបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ដូចការលើកឡើងនៃរបាយការណ៍ដែលចេញផ្សាយដោយ សមាគមន៍សិក្សាស្រាវជ្រាវសិទ្ធិមនុស្សរបស់ចិន កាលពីថ្ងៃទី២៧ ខែធ្នូថា ភាគីអាមេរិកធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយយ៉ាងគឃ្លើន ក្នុងវិស័យសិទ្ធិមនុស្សអន្តរជាតិ បានបង្កជាការគំរាមកំហែងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សសកល និងបង្កើតជាផលវិបាកដ៏អាក្រក់ទៀតផង។
របាយការណ៍ក្រោមចំណងជើងថា «ទង្វើធ្វើនយោបាយធូបនីយកម្ម ទៅលើសិទ្ធិមនុស្សរបស់អាមេរិក បានបំផ្លាញមូលដ្ឋានអភិបាលកិច្ច ដ៏ល្អប្រសើរនៃសិទ្ធិមនុស្ស» បានលាតត្រដាងនូវដំណើរ និងមធ្យោបាយរបស់ភាគីអាមេរិក ដែលបានធ្វើនយោបាយធូបនីយកម្ម ទៅលើសិទ្ធិមនុស្ស។ ពីការចាត់ទុកសិទ្ធិមនុស្សជាឧបករណ៍នយោបាយ សម្រាប់វាយបង្ក្រាបសហភាពសូវៀត ដល់ការបង្ខិតបង្ខំឱ្យប្រទេសដទៃ អនុវត្តតាមគុណតម្លៃខាងសិទ្ធិមនុស្សរបស់ខ្លួន និងវាយបង្ក្រាបប្រទេសដែលមានរបបនយោបាយខុសគ្នានឹងខ្លួនឯង បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អាមេរិកគឺជា «អ្នកទោស» ដែលតែងតែធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយ។
ការពិតជាក់ស្តែងជាច្រើនបានបញ្ជាក់ថា សិទ្ធិមនុស្សគ្រាន់តែជាវត្ថុបិទបាំង អនុត្តរភាពបែបអាមេរិកប៉ុណ្ណោះទេ ហើយក៏ជាដំបងដ៏ធំនិងឧបករណ៍នយោបាយ សម្រាប់វាយបង្ក្រាបប្រទេសដទៃទៀត របស់ភាគីអាមេរិកផងដែរ។ គោលបំណងតែមួយគត់របស់រដ្ឋាភិបាលអាមេរិក ដែលបានលើកទង់សិទ្ធិមនុស្ស គឺដើម្បីប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ទៅផ្សព្វផ្សាយយុទ្ធសាស្ត្រសកលរបស់ខ្លួន។
សហរដ្ឋអាមេរិកធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយយ៉ាងគឃ្លើន បានបំផ្លាញដល់ទស្សនៈសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំង ដល់អភិបាលកិច្ចសិទ្ធិមនុស្សសកល ហើយក៏បានធ្វើឱ្យអនុត្តរភាពបែបអាមេរិក រងការបំផ្លាញផងដែរ។
ក្នុងកិច្ចប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅឆ្នាំនេះ តំណាងប្រទេសនានាបានរួមគ្នាដាស់តឿនភាគីអាមេរិក ឱ្យប្រកាន់ឥរិយាបថត្រឹមត្រូវ ចំពោះសភាពការណ៍អាក្រក់ខាងសិទ្ធិមនុស្សរបស់ខ្លួន ប្រឆាំងយ៉ាងដាច់ខាត ចំពោះការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជារឿងនយោបាយ ក៏ដូចជាប្រឆាំងយ៉ាងដាច់ខាត ចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ប្រការនេះបានបង្ហាញថា អ្នកផងទាំងពួងបានយល់ដឹងកាន់តែជ្រាលជ្រៅថា ការបង្ការនិងទប់ស្កាត់ការធ្វើឱ្យបញ្ហាសិទ្ធិមនុស្ស ទៅជារឿងនយោបាយ ជាការធានាដ៏សំខាន់ក្នុងការជំរុញកិច្ចការសិទ្ធិមនុស្សពិភពលោក ឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយភាពរឹងមាំ។
ប្រសិនបើអ្នកនយោបាយអាមេរិកនៅតែធ្វើតាមតែទំនើងចិត្ត នោះក៏ដូចការលើកឡើងនៃរបាយការណ៍ថា វានឹងធ្វើឱ្យអនុត្តរភាពអន្តរជាតិដែលសហរដ្ឋអាមេរិក ខិតខំប្រឹងប្រែងគាំពារនោះរងការបំផ្លាញទៅវិញទាំងស្រុង៕ (#CCFR Comment#)