(ញូដេលី)៖ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ថ្នាំព្យាបាលជំងឺ COVID-19 ឈ្មោះថា ម៉ូលនូភីរ៉ាវៀ (Molnupiravir) របស់ក្រុមហ៊ុនអាមេរិក Merkck រួមជាមួយវ៉ាក់សាំង កូវ៉ូវ៉ាក់ (Covovax) របស់វិទ្យាស្ថានសេរ៉ូមឥណ្ឌា (Serum Institute of India) និងវ៉ាក់សាំង ឃ័របេវ៉ាក់ (Corbevax) របស់ក្រុមហ៊ុនឥណ្ឌា បាយអូឡូជីកខល អ៉ី (Biological E) ត្រូវបានអនុម័តឱ្យប្រើប្រាស់សម្រាប់លក្ខខណ្ឌបន្ទាន់ហើយ នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ម៉ានស៊ូក ម៉ានដាវីយ៉ា (Mansukh Mandaviya) បាននិយាយថា ថ្នាំ ម៉ូលនូភីរ៉ាវៀ នឹងត្រូវផលិតឡើងនៅក្នុងប្រទេសឥណ្ឌា ដោយក្រុមហ៊ុនចំនួន១៣ សម្រាប់ការប្រើប្រាស់ក្រោមស្ថានភាពបន្ទាន់ ក្នុងការព្យាបាលមនុស្សពេញវ័យ ដែលឆ្លងជំងឺ COVID-19។
ពេលនេះឥណ្ឌាកំពុងតែខិតខំប្រឹងប្រែងត្រៀមលក្ខណៈទុកជាមុន ដើម្បីទប់ទល់នឹងលទ្ធភាពនៃការស្ទុះឡើងខ្លាំងនូវករណីឆ្លង COVID-19 ដែលបណ្តាលមកពីវីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ មកទល់ឥឡូវ ប្រជាជនឥណ្ឌាជិត៤២ភាគរយ ក្នុងចំណោមប្រជាជនសរុបទាំងជិត ១.៤ពាន់លាននាក់ បានទទួលការចាកវ៉ាក់សាំងគ្រប់ដូស។
គួរបញ្ជាក់ថា ឥណ្ឌាគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីជាវិធានការបង្ការឱ្យបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការងារជួរមុខ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ហើយនឹងចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យ អ្នកដែលមានអាយុ១៥-១៨ឆ្នាំ ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំដដែល៕