(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូអូ គីស៉ី (Nobuo Kishi) បានព្រមព្រៀងបង្កើតខ្សែទូរស័ព្ទបន្ទាន់ផ្នែកយោធាជាមួយប្រទេសចិន នៅឆ្នាំក្រោយ បន្ទាប់ពីប្រមុខការពារជាតិប្រទេសទាំងពីរ ទើបជួបពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
លោក ណូប៊ូអូ គីស៉ី បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយរដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហ៉ី (Wei Fenghe) ហើយបានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមធ្វើប្រតិបត្តិការខ្សែទូរស័ព្ទបន្ទាន់មួយ រវាងក្រុមមន្រ្តីយោធារបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២២។
កំលុងជំនួបខាងលើដែលជាលើកដំបូង គិតចាប់តាំងខែធ្នូ ឆ្នាំ២០២០ និងមានរយៈពេលប្រមាណ២ម៉ោង លោកប្រមុខការពារជាតិជប៉ុន បានលើកឡើងថា ខ្សែទូរស័ព្ទបន្ទាន់នោះនឹងជួយពង្រឹង ប្រសិទ្ធភាពនៃយន្តការទំនាក់ទំនងដែលប្រទេសទាំងពីរ បានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នាដោយយថាហេតុ នៅតាមដែនសមុទ្រនិងដែនអាកាស៕