(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចូលរួមក្នុងកិច្ចសន្ទនាផ្នែកសន្តិសុខរួមគ្នា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះហើយ ចំពោះមុខស្ថានការណ៍តានតឹងរវាងរុស្ស៊ី និងលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
នៅមុនសេចក្តីប្រកាសរបស់អាមេរិកមួយថ្ងៃ រុស្ស៊ីក៏បានលើកឡើងផងដែរថា ទីក្រុងម៉ូស្គូទើបបានទទួលការស្នើឲ្យចូលរួម កិច្ចប្រជុំជាមួយអង្គការ NATO នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ សម្រាប់កិច្ចប្រជុំពាក់ព័ន្ធបន្តទៀត ដែលនឹងមានការចូលរួមពី ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឆ្នាំដដែល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ សេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន។
ទោះជាយ៉ាណា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីសប្តាហ៍មុននេះ ធ្លាប់បានលើកឡើងថា ប្រទេសរបស់លោកចង់ជៀសវាងជម្លោះ ប៉ុន្តែក៏ចង់បាននូវការឆ្លើយតបភ្លាមៗមួយ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការទាមទាររបស់រុស្ស៊ីផងដែរ។ កាលណោះរុស្ស៊ីក៏ធ្លាប់បានបង្ហើបផងដែរថា ខ្លួនរំពឹងចង់បានកិច្ចសន្ទនាជាមួយមន្ត្រីអាមេរិក នៅអំលុងខែមករា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕