(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសប្ដាហ៍នេះបានបើកកិច្ចប្រជុំដ៏សំខាន់មួយនៃគណបក្សកាន់អំណាចរបស់លោក ដែលជាវេទិកាមួយត្រូវបាន លោកប្រើប្រាស់ជាឱកាសប្រកាសពីគោលនយោបាយសម្រាប់ឆ្នាំថ្មី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េ (WPK) បានធ្វើឡើងកាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ កិច្ចប្រជុំនេះទៀតសោត គឺផ្ដោតសំខាន់លើត្រួតពិនិត្យឡើងវិញនូវការអនុវត្តគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋក្នុងឆ្នាំ២០២១ ហើយក៏បានពិភាក្សាគ្នាផងដែរពីយុទ្ធសាស្ត្រ និងគោលនយោបាយសម្រាប់ឆ្នាំថ្មី ដើម្បីបន្តឆ្ពោះទៅរកភាពជោគជ័យ នៅក្រោមការតស៊ូរបស់បក្ស និងប្រជាជន»។
គួរបញ្ជាក់ថា ជាទម្លាប់, នាឱកាសឆ្នាំថ្មីចូលមកដល់ លោក គីម ជុងអ៊ុន តែងតែប្រកាសដាក់ចេញពីគោលនយោបាយថ្មីធំៗ។ តួយ៉ាងដូចជាកាលពីឆ្នាំ២០១៨ លោកបាន ប្រកាសពីបំណងបញ្ជូនប្រតិភូចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង និងនៅឆ្នាំ២០១៩ លោកផ្ទាល់បានប្រកាសពីចេតនាបន្តកិច្ចចរចាជាមួយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕