(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៣,០៥០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៦៥៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៣,៧៣៧,៦៨៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣៩,៤២៩នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងរងការវាយប្រហារកាន់តែខ្លាំង ដោយសារវីរុស COVID-19 បំប្លែងថ្មី Omicron ហើយក្នុងនោះកុមារបានក្លាយក្តីកង្វល់ធំមួយ ខណៈវ៉ាក់សាំងបង្ការជំងឺ COVID-19 មិនទាន់ត្រូវបានអនុញ្ញាតឲ្យចាក់ ដល់ក្មេងៗអាយុក្រោម ៥ឆ្នាំនៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០០លានដូស ក្នុងនោះប្រជាជន ២៤១.៨៨លាននាក់ (៧៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៣.២៤លាននាក់ (៦១.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៤.៣៧លាននាក់ (១៩.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕