(វ៉ាស៉ីនតោន)៖ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានផ្ដល់អនុសាសន៍ឱ្យកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋអាមេរិកដែលមានផ្ទុកជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញា ពីរយៈពេល ១០ថ្ងៃមកត្រឹម ០៥ថ្ងៃវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក អ្នកដែលមានផ្ទុកជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញា គួរតែអនុវត្តវិធានការពាក់ម៉ាស រយៈពេល ០៥ថ្ងៃបន្ទាប់ពីការធ្វើចត្តាឡីស័ក នៅពេលដែលស្ថិតនៅជុំវិញអ្នកដទៃ។ CDC អាមេរិក ក៏បានផ្តល់អនុសាសន៍ឱ្យធ្វើចត្តាឡីស័ករយៈពេល ០៥ថ្ងៃសម្រាប់អ្នក ដែលប៉ះពាល់នឹងអ្នកមានផ្ទុក COVID-19 ដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់ប្រភេទ mRNA ដូសទី២ របស់ពួកគេលើសពី ០៦ខែ ឬច្រើនជាងពីរខែបន្ទាប់ពី ការចាក់វ៉ាក់សាំង Johnson & Johnson (JNJ.N) ហើយមិនទាន់ត្រូវបានចាក់ដូសជំរុញ។ ពួកគេក៏គួរតែអនុវត្តវិធានការពាក់ម៉ាស់យ៉ាងតឹងរ៉ឹងសម្រាប់រយៈពេល ០៥ថ្ងៃបន្ថែមទៀត បន្ទាប់ពីការធ្វើចត្តាឡីស័កផងដែរ។
គួរបញ្ជាក់ថា បើតាម CDC អាមេរិក ការធ្វើចត្តាឡីស័ក គឺបានបែងចែកមនុស្សដែលឈឺ ចេញពីមនុស្សដែលមិនឈឺ ខណៈពេលដែលការធ្វើចត្តាឡីស័កដាច់ដោយឡែកពីគ្នា និងការរឹតត្បឹតចលនារបស់មនុស្សដែលបានប៉ះពាល់នឹងអ្នកជំងឺ ដើម្បីមើលថាតើពួកគេធ្លាក់ខ្លួនឈឺ ឬអត់៕