(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្តេជ្ញាដោះស្រាយការខ្វះខាត ឧបករណ៍ធ្វើតេស្តរក COVID-19 ខណៈវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) កំពុងតែបង្កការរាំងស្ទះនៅតាមមន្ទីរពេទ្យនានា និងផែនការធ្វើដំណើរកម្សាន្តឆ្លងឆ្នាំ ត្រូវបង្អាក់ជាបណ្តើរៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។
នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ ជាមួយរដ្ឋបាលគ្រប់គ្រងជំងឺ COVID-19 និងអភិបាលរដ្ឋនានារបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «ការមើលឃើញអំពីភាពលំបាកសម្រាប់មនុស្សចំនួន ក្នុងការទទួលបានការធ្វើតេស្ត នៅចុងសប្តាហ៍នេះពិតជាបង្ហាញថា យើងមានការងារបន្ថែមទៀតដែលត្រូវធ្វើ... ច្បាស់ណាស់ ឧបករណ៍ធ្វើតេស្តគឺមិនគ្រប់គ្រាន់ឡើយ...»។
លោក ចូ បៃដិន បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកកំពុងជំរុញការផលិត ឧបករណ៍ធ្វើតេស្តនៅក្នុងស្រុក ហើយនឹងធ្វើឲ្យវាកាន់តែប្រសើរឡើង ក្នុងការប្រើប្រាស់ស្របជាមួយកម្មវិធីឆ្លាតវៃរបស់ក្រុមហ៊ុន Google ដើម្បីសម្រួលឲ្យប្រជាជនងាយរកកន្លែងធ្វើតេស្ត ដែលនៅជិតបំផុត។
យោងតាមរបាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន Reuters សម្រាប់រយៈពេល ៧ថ្ងៃមកនេះ ករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ទៅ ៥៥% ហើយភាគច្រើនបំផុត ត្រូវបានបង្កឡើងដោយវីរុស Omicron៕