(រ៉ង់ហ្គូន)៖ តុលាការយោធាមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បានពន្យារពេលនៅថ្ងៃចន្ទនេះ ចំពោះការប្រកាសសាលក្រមផ្តន្ទាទោស អតីតមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ពីបទចោទប្រកាន់ចំនួន ០២ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខនេះវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។

ពីដំបូងឡើយ តុលាការមីយ៉ាន់ម៉ាបានគ្រោងប្រកាសសាលក្រមផ្តន្ទាទោស លោកស្រី Aung San Suu Kyi នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងបទចោទប្រកាន់ លើការកាន់កាប់ដោយខុសច្បាប់នូវឧបករណ៍វិទ្យុទាក់ទង ដែលជាបទចោទប្រកាន់ទី ២ ក្នុងចំណោមបទចោទប្រកាន់រាប់សិបករណីទៀត ប្រឆាំងនឹងរូបលោកស្រី ដោយសរុបចូលគ្នាអាចនាំឲ្យអតីតមេដឹកនាំ ដែលបច្ចុប្បន្នមានអាយុ ៧៦ឆ្នាំរូបនេះ ជាប់ពន្ធនាគាររហូតដល់ជាង ១០០ឆ្នាំឯណោះ។ ប៉ុន្តែលោកស្រី Suu Kyi បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់លោកស្រី Aung San Suu Kyi បាននិយាយថា បទចោទប្រកាន់ប្រឆាំងនឹងលោកស្រី គឺគ្មានមូលដ្ឋាន ហើយត្រូវបានបង្កើតឡើង ដើម្បីបញ្ចប់នូវបញ្ហាប្រឈមទាំងអស់ ដែលលោកស្រីបង្កឡើង ចំពោះការឡើងកាន់កាប់អំណាចរបស់យោធាប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកស្រី Aung San Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ០២ឆ្នាំរួចទៅហើយ ដែលនាពេលឥឡូវនេះ លោកស្រីកំពុងស្ថិតនៅក្នុងការឃុំខ្លួន នៅទីតាំងដែលមិនត្រូវបានបង្ហើបឱ្យដឹងឡើយ បន្ទាប់ពីត្រូវបានតុលាការរកឃើញថា លោកស្រីពិតជាមានទោសកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា និងបំពានលើវិធានការទប់ស្កាត់ជំងឺ COVID-19៕