(តូក្យូ)៖ ព្រិលធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើង នៅភាគកណ្តាលប្រទេសជប៉ុន ឈានមកដល់ថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
បើតាមក្រុមហ៊ុនផលិតថាមពល កាន់សៃ (Kansai Electric Power) ប្រជាជនជាង ៣,២០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ឡើយ ខណៈក្រុមមន្ត្រីបានព្រមានថា នឹងមានព្រិលធ្លាក់ខ្លាំងបន្ថែមទៀត ពេញមួយយប់តែម្តង។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បាននិយាយថា មិនទាន់មានអ្នករងរបួស ឬស្លាប់ ដោយសារអាកាសធាតុត្រជាក់នៅឡើយទេ។
លោក Hirokazu Matsuno បានបញ្ជាក់បន្ថែមទៀតថា «រដូវរងា កំពុងបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតាមបណ្តោយឆ្នេរសមុទ្រ នៃប្រទេសជប៉ុន ពីតំបន់ភាគខាងជើងទៅភាគខាងលិច ជាមួយនឹងតំបន់មួយចំនួនទៀត។ បរិមាណព្រិលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅថ្ងៃអង្គារស្អែកនេះ... ដូច្នេះគ្រប់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នបំផុត»។
គួរបញ្ជាក់តាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន ការកកស្ទះចរាចរណ៍ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមនៅពេលដែលរថយន្តដឹកទំនិញ បានរអិលពេញផ្លូវនៅជិតទីក្រុង ហ៊ីកូណិ (Hikone) ជាកន្លែងដែលមានព្រិលធ្លាក់ក្នុងកម្រាស់ ៦៨សង់ទីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកនេះ។
បន្ថែមពីខាងលើនេះ អ្នកដំណើរជិត ២០០នាក់ បានជាប់គាំងពេញមួយយប់នៅលើខ្សែរថភ្លើងក្នុងស្រុក ខណៈជើងហោះហើរក្នុងស្រុកប្រហែល ១៣០ជើងក៏ត្រូវបានលុបចោលផងដែរ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ដោយសារតែព្រិលធ្លាក់ខ្លាំង និងជើងហោះហើរប្រហែល ៥០ជើងទៀត ត្រូវបានលុបចោលនៅក្នុងថ្ងៃចន្ទនេះ៕