(ប៉េកាំង)៖ ករណីឆ្លង COVID-19 ក្នុងសហគមន៍នៅប្រទេសចិន បានផ្ទុះឡើងជាថ្មីម្តងទៀតហើយ ដែលករណីឆ្លងថ្មីៗភាគច្រើន ត្រូវបានរាយការណ៍ចេញពីទីក្រុងស៉ីអាន (Xi'an) ភាគពាយ័ព្យ ខណៈទីក្រុងនេះបានស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល ៥ថ្ងៃជាប់ៗគ្នាហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
ប្រទេសចិន នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៦២ករណីបន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមាន ១៥០ករណីត្រូវបានរាយការណ៍ចេញពីទីក្រុង Xi'an ប៉ុន្តែវានៅតែជាចំនួនតូចបើធៀបទៅនឹង ការរីករាលដាលនៅប្រទេសដទៃៗទៀត ប៉ុន្តែទីក្រុងនេះ បានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឺង លើការធ្វើដំណើរទាំងនៅក្នុង និងចេញទៅក្រៅទីក្រុង។
ការផ្ទុះឡើងចុងក្រោយបំផុតនេះ បាននាំឱ្យករណីឆ្លងក្នុងសហគមន៍កើនឡើងដល់ ៦៣៥ករណីហើយក្នុងទីក្រុង Xi'an ជាទីក្រុងដែលមានប្រជាជនចំនួន ១៣លាននាក់ គិតចាប់ពីថ្ងៃទី០៩ ខែធ្នូ ដល់ថ្ងៃទី២៦ ខែធ្នូ ដោយមិនទាន់មានការរាយការណ៍ អំពីករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅឡើយទេ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០១,២៧៧ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៦៣៦នាក់ និងអ្នកជាសះស្បើយចំនួន ៩៤,៤៨៣នាក់៕