(ប៉ារីស)៖ អង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងចក្រភពអង់គ្លេស បាននិយាយថាគ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ នៅក្នុងឆ្នាំ២០២១នេះ បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាត គិតជាទឹកប្រាក់ ១៧០ពាន់លានដុល្លារ ឬច្រើនជាង ២០ពាន់លានដុល្លារ បើធៀបទៅនឹងកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
បើតាមអង្គការ UK charity Christian Aid កាលពីឆ្នាំ២០២០ គ្រោះមហន្តរាយធម្មជាតិធំៗចំនួន១០ បានបង្កការបំផ្លិចបំផ្លាញ និងការខូចខាតគិតជាទឹកប្រាក់ស្មើនឹង ១៥០ពាន់លានដុល្លារ ឬកើនឡើង១៣ ភាគរយនៅក្នុងឆ្នាំ២០២១នេះ។ អង្គការមួយនេះបន្ថែមថាគ្រោះមហន្តរាយទាំងនេះទៀតសោតដែលមានជាប់ពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយស្នាដៃមនុស្ស ក៏បានផ្ដាច់ជីវិតយ៉ាងហោច ១,០៧៥នាក់ និងបង្ខំឱ្យមនុស្ស ១.៣លាននាក់ចាកចេញពីផ្ទះសម្បែងផងដែរ។
គួរបញ្ជាក់ថា ក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិក្នុងឆ្នាំ២០២១នេះ ដែលបង្កការខូចខាតធ្ងន់ធ្ងរជាងគេ នោះគឺព្យុះ hurricane Ida។ ព្យុះមួយនេះបានវាយប្រហារលើ តំបន់ភាគខាងកើតសហរដ្ឋអាមេរិក ដោយបង្កការខូចខាត និងការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ស្មើនឹង ៦៥ពាន់លានដុល្លារ ខណៈគ្រោះទឹកជំនន់នៅក្នុងប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក កាលពីខែកក្កដាកន្លងទៅនេះ បង្កការខាតបង់ ៤៣ពាន់លានដុល្លារ៕