(ស៊ីដនី)៖ ប្រទេសអូស្ត្រាលីនៅថ្ងៃចន្ទនេះ បានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ដែលកំពុងរាតត្បាតកាន់តែខ្លាំង ប៉ុន្តែអាជ្ញាធរអូស្ត្រាលីមិនទាន់ដាក់ចេញ នូវវិធានការរឹតត្បិតអ្វីនៅឡើយទេ ព្រោះអត្រាចូលសម្រាកមន្ទីរពេទ្យដោយសារមេរោគថ្មីនេះ នៅតែមានកម្រិតទាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
សម្រាប់ករណីស្លាប់ដំបូងខាងលើនេះ គឺជាបុរសវ័យចំណាស់អាយុ ៨០ឆ្នាំម្នាក់ ដែលមានជំងឺប្រចាំកាយស្រាប់ទៅហើយ។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសនៅប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសបានរកឃើញដូចៗគ្នាថា វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់បានឆាប់រហ័សជាងវីរុស Delta ប៉ុន្តែអត្រាចូលសម្រាកមន្ទីរពេទ្យ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរនោះ គឺមានកម្រិតទាបជាង Delta ឆ្ងាយ។
គួរបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលីមិនបានរៀបរាប់លម្អិត អំពីករណីស្លាប់ដំបូងខាងលើនេះឡើយ ដោយគ្រាន់តែបង្ហើបព័ត៌មានមួយចំនួនថា បុរសវ័យ ៨០ឆ្នាំខាងលើនេះបានឆ្លងវីរុស នៅក្នុងមណ្ឌលថែទាំមនុស្សចាស់មួយកន្លែង និងបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នាទីក្រុងស៊ីដនី។ ដោយឡែកនៅថ្ងៃចន្ទនេះ រដ្ឋធំៗចំនួន ៣ នៅអូស្ត្រាលីដូចជា ញូសោតវែលស៍ (New South Wales), វិចតូរៀ (Victoria) និង ឃ្វីនស៍លែន (Queensland) បានប្រកាសរកឃើញករណីជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ទៅដល់ ៩,១០៧ករណី ក្នុងកំលុងពេល ២៤ម៉ោងកន្លងទៅ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់់បំផុតមិនធ្លាប់មាន៕