(ហ្សេរុយសាឡឹម)៖ មន្ទីរពេទ្យដ៏ធំមួយនៅក្នុងប្រទេសអ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ លើបុគ្គលិក១៥០នាក់ នៅថ្ងៃចន្ទនេះ ដើម្បីវាយតម្លៃថាតើការចាក់វ៉ាក់សាំងដូសជំរុញលើកទី២ ពិតជាចាំបាច់ធ្វើឡើងនៅទូទាំប្រទេសដែរឬក៏យ៉ាងណា ប្រឈមមុខនឹងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba (Sheba Medical Center) ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងតែល អាវីវ បានឱ្យដឹងថាការធ្វើតេស្ដរបស់ខ្លួន នឹងពន្យល់បកស្រាយឱ្យ កាន់តែច្បាស់ពីប្រសិទ្ធភាពនៃវ៉ាក់សាំងដូសទី៤ ហើយវានឹងជួយសម្រួលដល់ការសម្រេចចិត្ត ឬដាក់ចេញគោលនយោបាយសុខាភិបាលនៅក្នុងប្រទេសអ៉ីស្រាអែល និងនៅក្រៅប្រទេស។ មជ្ឈមណ្ឌលនេះដដែលមិនបានបញ្ជាក់ថាតើការធ្វើតេស្ដនឹងមានរយៈពេលយូរប៉ុណ្ណានោះទេ ដោយគ្រាន់តែឱ្យដឹងថាបុគ្គលិកសុខាភិបាលរបស់ ខ្លួន ១៥០នាក់ដែលបានចាក់វ៉ាក់សាំងបង្ការដូសជំរុញលើកទី១ ឬដូសទី៣ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ បានស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញនៃក្រសួងសុខាភិបាលអ៉ីស្រាអែល កាលពីពេលថ្មីៗនេះបានជំរុញឱ្យមានការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៤ ដោយប្រើវ៉ាក់សាំង ផលិតដោយក្រុមហ៊ុន Pfizer /BioNTech សម្រាប់ប្រជាជនអ៉ីស្រាអែលមានអាយុ ៦០ឆ្នាំឡើង និងដែលបានទទួលការវ៉ាក់សាំងដូសទី៣ យ៉ាងហោចកាលពី៤ខែមុន។
ការប្រកាសនេះធ្វើឡើង ខណៈអ៉ីស្រាអែល រាយការណ៍ពីករណីឆ្លងមេរោគបំប្លែងថ្មី Omicron កើនដល់ ១,១១៨ករណី។ ដោយឡែក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង ទៅនេះ ការិយាល័យនៃនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett ក៏បានអះអាងផងដែរថាលោកបានទទួលការធ្វើតេស្ដ «អវិជ្ជមាន» COVID-19 បន្ទាប់ពីកូនស្រី របស់លោកមានអាយុ១៤ឆ្នាំ បានឆ្លងជំងឺ ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការធ្វើចត្តាឡីស័កដោយខ្លួនឯង៕