(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួនបានទទួលពាក្យស្នើសុំពីសំណាក់អង្គការ NATO ដើម្បីបើកកិច្ចប្រជុំពាក់ព័ន្ធក្តីកង្វល់ផ្នែកសន្តិសុខ ពីសំណាក់ទីក្រុងម៉ូស្គូនោះហើយ ដែលវាអាចនឹងកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ហើយរុស្ស៉ីក៏កំពុងពិចារណាអំពីការចូលរួមផងដែរ។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មាន TASS នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១។
ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវ សេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗ ដែលខ្លួនចង់លើកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងម៉ូស្គូចង់ឲ្យ NATO បោះបង់ចោលសកម្មភាពយោធា នៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន។
សារព័ត៌មាន TASS បានដកស្រង់សេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសរុស្ស៊ី យ៉ាងដូច្នេះថា «យើងបានទទួលការស្នើពី NATO រួចហើយ... យើងកំពុងពិចារណាលើរឿងនេះ»។ សហរដ្ឋអាមេរិក និងប្រទេសអ៊ុយក្រែន បានចោទប្រកាន់សកម្មភាពរុស្ស៊ីកន្លងមកនេះថា ជាការត្រៀមវាយប្រហារ មកលើទឹកដីអ៊ុយក្រែន ខណៈរុស្ស៊ីវិញតែងតែចេញមុខច្រានចោល នូវរាល់ការចោទប្រកាន់បែបនេះ។
ទោះជាយ៉ាណា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ធ្លាប់បានលើកឡើងថា ប្រទេសរបស់លោកចង់ជៀសវាងជម្លោះ ប៉ុន្តែក៏ចង់បាននូវការឆ្លើយតបភ្លាមៗមួយ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះការទាមទាររបស់រុស្ស៊ីផងដែរ។ កាលណោះរុស្ស៊ីក៏ធ្លាប់បានបង្ហើបផងដែរថា ខ្លួនរំពឹងចង់បានកិច្ចសន្ទនាជាមួយមន្ត្រីអាមេរិក នៅអំលុងខែមករា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕