(ម៉ាឌ្រីដ)៖ ក្រុមអ្នកវិទ្យាសាស្រ្តបានសម្រេចថា សកម្មភាពបន្ទុះភ្នំភ្លើងនៅកោះ ឡាប៉ាល់ម៉ា (La Palma) នៃទីប្រជុំកោះខាណារី (Canary) ដែលជាតំបន់ស្វយ័តរបស់ប្រទេសអេស៉្បាញនោះ បានបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលវាជាដំណឹងដ៏ល្អសម្រាប់អ្នករស់នៅទីនោះ បន្ទាប់ពីភ្នំភ្លើងឈ្មោះ ខាំប្រេវីចា (Cumbre Vieja) បានបញ្ចេញសកម្មភាព អស់រយៈពេលជិត១០០ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។
បន្ទាប់ពីបញ្ចេញសកម្មភាពយ៉ាងពុះកញ្ជ្រោល តាំងតែពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ភ្នំភ្លើង Cumbre Vieja ស្រាប់តែបានស្ងប់ស្ងាត់វិញ កាលពីថ្ងៃទី១៣ ខែធ្នូ ប៉ុន្តែដោយខ្លាចក្រែងថាអាចនឹងផ្តល់ក្តីសង្ឃឹមខុស អាជ្ញាធរបានសម្រេចរង់ចាំមើលសិន រហូតទាល់តែដល់ថ្ងៃបុណ្យគ្រីស្មាស់ ទើបប្រកាសជាផ្លូវការអំពីការបញ្ឈប់សកម្មភាពនៃភ្នំភ្លើងនេះ។
អំលុងរយៈពេល៣ខែនៃការបញ្ចេញសកម្មភាពរបស់វា កម្អែភ្លើងនិងផេះបានបង្កការបំផ្លិចបំផ្លាញដល់លំនៅឋាន សំណង់អគារផ្សេងៗ ព្រមទាំងផ្ទៃដីចម្ការជាច្រើនកន្លែង។ យ៉ាងណាមិញ ជាសំណាងល្អ មិនមានមនុស្សណាម្នាក់ បានបាត់បង់ជីវិតឡើយ។ ក្នុងចំណោម មនុស្ស៧,០០០នាក់ ដែលត្រូវបានជម្លៀសខ្លួន ភាគច្រើនបានត្រឡប់ទៅផ្ទះវិញហើយ ប៉ុន្តែលំនៅឋានជាច្រើនខ្នង មិនទាន់អាចចូលទៅស្នាក់នៅបានទេ។
គួរបញ្ជាក់ថា ខាងរដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយប្រមាណជាង ៤០០លានអឺរ៉ូ ស្មើនឹង៤៥៣លានដុល្លារអាមេរិក សម្រាប់ការងារស្ថាបនាឡើងវិញ នៅកោះ La Palma៕