(ប៉ារីស)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសបារាំង បានរាយការណ៍ពីករណីឆ្លង COVID-19 ប្រចាំថ្ងៃលើស ១០០,០០០នាក់ ជាលើកដំបូង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈប្រទេសអឺរ៉ុបមួយនេះ កំពុងប្រឹងប្រែងទប់ស្កាត់ការឡើងករណីឆ្លង ដែលបណ្តាលមកពី មេរោគបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលបារាំង ពេញមួយថ្ងៃសៅរ៍សប្ដាហ៍នេះ អ្នកឆ្លង COVID-19 ចំនួន ១០៤,៦១១នាក់ ត្រូវបានរាយការណ៍ ហើយក្នុងរយៈពេលដូចគ្នាអ្នកជំងឺ ៨៤នាក់ ក៏ត្រូវអះអាងថាបានស្លាប់ផងដែរ ខណៈរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ម៉ាក្រុង នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដោយមានការរំពឹងជាច្រើនថា អាចនឹងមានការប្រកាសពី ការដាក់ចេញវិធានការរឹតត្បិតឡើងវិញ។
ករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសបារាំង បានចាប់ផ្តើមកើនឡើងជាលំដាប់ តាំងតែពីដើមខែធ្នូនេះ ដោយនៅថ្ងៃទី០៤ ខែធ្នូ អត្រាករណីឆ្លងប្រចាំថ្ងៃ បានកើនហួស៥០,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។ ការកើនឡើងយ៉ាងគំហុកបែបនេះ មានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron ដែលគេព្យាករថា អាចនឹងរ៉ាប់រងករណីឆ្លងទាំងអស់ ក្នុងប្រទេសបារាំង នៅដើមឆ្នាំ២០២២។
គួរបញ្ជាក់ថា បារាំងឈរនៅលេខរៀងទី៧ ក្នុងនាមជាប្រទេសមានអត្រាអ្នកឆ្លង COVID-19 ខ្ពស់នៅលើពិភពលោក ដោយមានអ្នកឆ្លងជាង ៩.០៩លាននាក់ ក្នុងនោះស្លាប់ ១២២,៥៤៦នាក់ និងជាសះស្បើយឡើងវិញ ៧.៨លាននាក់។ ប្រជាជនបារាំង ៧៦.៥ភាគរយ ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស៕