(វ៉ាស៉ីនតោន)៖ ទីបំផុតកែវយឺតអវកាសជំនាន់ថ្មីបំផុតគឺ James Webb Space Telescope របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាសដោយជោគជ័យហើយ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រោយឆ្លងកាត់ការពន្យារពេលអស់ជាច្រើនឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។
កែវយឺតអវកាស James Webb ត្រូវបានបញ្ជូនឡើងទៅកាន់លំហអវកាស តាមរយៈគ្រាប់រ៉ុក្កែត Ariane 5 របស់អឺរ៉ុប កាលពីវេលាម៉ោង ០៧៖២៩នាទីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក) ចេញពីមូលដ្ឋានបង្ហោះយានអវកាសរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលស្ថិតនៅភាគខាងជើង នៃទ្វីបអាមេរិកខាងត្បូង។
ដោយត្រូវធ្វើដំណើរឆ្លងកាត់ទីអវកាសរយៈពេល២សប្តាហ៍ទៀត កែវយឺតអវកាស James Webb នឹងទៅដល់គោលដៅរបស់វា នៅក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ ដែលស្ថិតនៅចម្ងាយប្រហែល១.៥លានគីឡូម៉ែត្រពីភពយើង ពោលគឺឆ្ងាយជាងគម្លាតរវាងផែនដី និងព្រះចន្ទប្រមាណ៤ដង។
ធៀបជាមួយកែវយឺតអវកាសជំនាន់មុនគឺ Hubble Space Telescope កែវយឺត James Webb មានសមត្ថភាពខ្ពស់ជាងឆ្ងាយ ដែលត្រូវគេរំពឹងថា នឹងជួយបង្កើនការយល់ដឹងរបស់អ្នកវិទ្យាសាស្រ្ត បានកាន់តែច្រើនថែមទៀតអំពីចក្រវាឡ។ កែវយឺតអវកាសថ្មីនេះ នឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅខ្ទង់ពាក់កណ្តាលឆ្នាំ២០២២ ក្រោយវាចំណាយពេលធ្វើការសម្របសម្រួលឧបករណ៍ផ្សេងៗ ហើយរួចរាល់។
គួរបញ្ជាក់ថា កែវយឺតអវកាស James Webb ត្រូវបានអភិវឌ្ឍឡើងដោយប្រើថវិកា៨.៨ពាន់លានដុល្លារ ប៉ុន្តែបើបូកការចំណាយសម្រាប់ការធ្វើប្រតិបត្តិការរបស់វាថែមទៀត នោះនឹងកើនដល់ប្រហែល៩.៦៦ពាន់លានដុល្លារ ដែលខ្ពស់ជាងការគ្រោងទុកឆ្ងាយណាស់ នៅពេលដែលអង្គការ NASA បានដាក់គោលដៅថា នឹងបាញ់បង្ហោះវានៅឆ្នាំ២០១១។ កែវយឺតអវកាសនេះ ត្រូវបានរចនាឡើង ដើម្បីឲ្យអាចធ្វើប្រតិបត្តិការបានយ៉ាងហោច ១០ឆ្នាំ៕