(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា ប្រទេសលោកនឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ឲ្យបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការជួរមុខ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដើម្បីជាវិធានការបង្ការទុកជាមុន ស្របពេលដែលករណីឆ្លងវីរុសបំប្លែងថ្មី Omicron បានបន្តកើនឡើង នៅក្នុងប្រទេសដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតទី២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា បានថ្លែងយ៉ាងដូច្នេះថា «ដោយឈរលើទស្សនៈនៃការបង្ការទុកជាមុន រដ្ឋាភិបាលបានសម្រេចថា បុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការជួរមុខទាំងអស់ គួរតែត្រូវចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដូសជំរុញ»។ ជាមួយគ្នានេះ លោក ម៉ូឌី បានបន្ថែមថា អ្នកដែលមានអាយុ១៥-១៨ឆ្នាំ នឹងចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ហើយអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ហើយមានជំងឺជាប់ខ្លួន នឹងត្រូវបានអនុញ្ញាតឲ្យចាក់ដូសជំរុញ ក្រោយការផ្តល់អនុសាសន៍ពីវេជ្ជបណ្ឌិត។
គួរបញ្ជាក់ថា ឥណ្ឌាបានរាយការណ៍ពីការកើនឡើងគួរឲ្យកត់សម្គាល់ នៃករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ជាមួយតួលេខកើនដល់៤១៥ករណី នៅក្នុងរដ្ឋសរុបចំនួន១៧របស់ខ្លួន។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ប្រជាជនឥណ្ឌាចំនួនជាង ៨៣៤លាននាក់ ឬស្មើនឹងជាង៦០ភាគរយនៃប្រជាជនសរុប១.៣ពាន់លាននាក់ ចាក់បាន១ដូស ខណៈជិត៥៧០លាននាក់ ឬស្មើនឹងជាង ៤០ភាគរយ ចាក់បានគ្រប់២ដូស៕