Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១! (Photo inside)

25-12-2021 20:43

(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទឹកជំនន់ដ៏អាក្រក់ប្រចាំទសវត្សរ៍ នៅតាមបណ្តារដ្ឋមួយចំនួន ស្ថិតក្នុងឧបទ្វីបម៉ាឡេស៊ី ក្នុងនោះរួមទាំងរដ្ឋធានីគូឡាឡាំពួរផងដែរ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៤៦នាក់ហើយ ខណៈការបោសសម្អាត និងស្តារភាពខូចខាតកំពុងតែបន្តនៅឡើយ។

២៖ ប្រភពពីយោធារុស្ស៊ីបានគូសបញ្ជាក់ នៅក្នុងថ្ងៃសៅរ៍នេះថា កងទ័ពរបស់ខ្លួនសរុបជាង ១០,០០០នាក់បានចល័តចូលក្នុង មូលដ្ឋានទ័ពអចិន្ត្រៃយ៍វិញហើយ បន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធ អស់រយៈពេល ១ខែ នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន។

៣៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាសដោយផ្ទាល់ នូវការទទួលបានជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង (hypersonic missile) មានឈ្មោះថា ត្សឺកុន (Tsirkon) កាលពីថ្ងៃសុក្រសប្តាហ៍នេះ។

៤៖ រូបភាពនានាដែលត្រូវបានផ្តិតយក ដោយផ្កាយរណបក្រុមហ៊ុនឯកជនមួយ នៅសហរដ្ឋអាមេរិកបានបង្ហាញថា រុស្ស៊ីនៅតែបន្តបង្កើនចំនួនយោធា និងសព្វាវុធ នៅតាមតំបន់ព្រំដែនជាប់ប្រទេសអ៊ុយក្រែន ចំពោះមុខភាពតានតឹង ដែលលោកខាងលិចបាននិងកំពុងចោទប្រកាន់រុស្ស៊ីថា មានចេតនាបង្កការឈ្លានពាន នៅក្នុងពេលឆាប់ៗ។

៥៖ ទិន្នន័យពីអន្តរជាតិបានឲ្យដឹងថា ជើងហោះហើរសរុប ២,១១៨ជើង ត្រូវបានលុបចោល និងជាង ៥,៧០០ជើងទៀតត្រូវបានពន្យារពេល នៅទូទាំងពិភពលោក ដោយសារតែការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron)៕