(គូឡាឡាំពួរ)៖ ទឹកជំនន់ដ៏អាក្រក់ប្រចាំទសវត្សរ៍ នៅតាមបណ្តារដ្ឋមួយចំនួន ស្ថិតក្នុងឧបទ្វីបម៉ាឡេស៊ី ក្នុងនោះរួមទាំងរដ្ឋធានីគូឡាឡាំពួរផងដែរ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៤៦នាក់ហើយ ខណៈការបោសសម្អាត និងស្តារភាពខូចខាតកំពុងតែបន្តនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
កាលពីចុងសប្តាហ៍មុននេះ ភ្លៀងធ្លាក់យ៉ាងគំហុកបង្កឡើងដោយប្រព័ន្ធសម្ពាធទាប គ្របដណ្តប់លើដែនដីប្រទេសម៉ាឡេស៊ី ដែលជាប់ព្រំដែននឹងប្រទេសថៃ បានបង្កឲ្យរដ្ឋធំៗមួយចំនួនជួបគ្រោះទឹកជំនន់ ខណៈក្រុមអ្នកជំនាញអាកាសធាតុ នៃប្រទេសអាស៊ានមួយនេះបានអះអាងថា វាជាគ្រោះធម្មជាតិដ៏អាក្រក់បំផុត មិនធ្លាប់កើតមាន ១០០ឆ្នាំមកហើយ។
គួរបញ្ជាក់ថា ទឹកជំនន់ខាងលើនេះ ក៏បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ។ ក្រៅពីការបាត់បង់អាយុជីវិតប្រជាជន និងខាតបង់ហេដ្ឋារចនាសម្ព័ន្ធជារួម អាជ្ញាធរម៉ាឡេស៊ីក៏រំពឹងផងដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នឹងកើនឡើង ព្រោះតែប្រជាជនដែលបានភៀសខ្លួន ទៅរស់នៅផ្តុំគ្នាជាបណ្តោះអាសន្ននោះ៕