(រីយ៉ាដ)៖ ពលរដ្ឋអារ៉ាប៊ីសាអូឌីតម្នាក់ និងជនជាតិយ៉េមែនម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ពីសំណាក់ក្រុមឧទ្ទាមហ៊ូទីមកលើទីក្រុងចាហ្សាន(Jazan) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
ប្រព័ន្ធផ្សព្វផ្សារដ្ឋអារ៉ាប៊ីសាអូឌីត ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍របស់ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយទីក្រុងរីយ៉ាដ។ សេចក្ដីថ្លែងការណ៍ នេះដដែល បានបញ្ជាក់ទៀតថាក្រៅពីអ្នកស្លាប់, ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមឧទ្ទាមហ៊ូទី មានមូលដ្ឋានក្នុងប្រទេសយ៉េមែន ក៏បានបណ្ដាលឱ្យមនុស្ស៧នាក់ រងរបួសផងដែរ ក្នុងនោះមាន ៦នាក់ជាពលរដ្ឋអារ៉ាប៊ីសាអូឌីត និងម្នាក់ជាជនជាតិបង់ក្លាដែស ហើយរថយន្ដចំនួន១២គ្រឿង ព្រមទាំងផ្សារ ២កន្លែងរងការខូចខាត។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមឧទ្ទាមហ៊ូទីបើកការវាយប្រហារបែបនេះលើអារ៉ាប៊ីសាអូឌីត ពោលគឺក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះចាប់ផ្ដើម បាញ់មីស៊ីល ឬគ្រាប់រ៉ុក្កែតចូលក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីអារ៉ាប៊ីសាអូឌីតដឹកនាំក្រុមចម្រុះអារ៉ាប់ ធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយ៉េមែន ប្រឆាំងនឹងពួកគេ កាលពីឆ្នាំ២០១៥ មកម្ល៉េះ៕