(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀរ ពូទីន បានប្រកាសដោយផ្ទាល់ នូវការទទួលបានជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលលឿនជាងសំឡេង (hypersonic missile) មានឈ្មោះថា ត្សឺកុន (Tsirkon) កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
សារព័ត៌មានក្នុងស្រុករុស្ស៊ី បានដកស្រង់សម្តីលោក ពូទីន ដែលបានថ្លែងក្នុងឱកាស នៃកិច្ចប្រជុំក្រុមប្រឹក្សាវិទ្យាសាស្ត្ររដ្ឋ កាលពីថ្ងៃសុក្រយ៉ាងដូច្នេះថា «នេះជាគ្រាប់មីស៊ីលថ្មីបំផុតរបស់យើង ដែលអាចបាញ់បានទាំងទៅលើគោលដៅលើទឹក និងលើដី។ ការធ្វើតេស្តត្រូវបានធ្វើឡើងដោយជោគជ័យ និងគ្មានកំហុសឆ្គង។ នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់ប្រទេសជាតិ និងជាជំហានដ៏សំខាន់មួយ ក្នុងគោលបំណងពង្រឹងសន្តិសុខរបស់រុស្ស៊ី ព្រមទាំងជាភាពប្រសើរឡើង នូវសមត្ថភាពការពារជាតិ»។
គួរបញ្ជាក់ថា លោក ពូទីន ក៏បានអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមវិស្វករ និងអ្នកជំនាញរុស្ស៊ី ដែលបានផលិតគ្រាប់មីស៊ីលលឿនជាងសំឡេង Tsirkon ចេញមកផងដែរ។ បុរសខ្លាំងរុស្ស៊ីរូបនេះធ្លាប់បានលើកឡើង កាលពីខែវិច្ឆិកាកន្លងទៅថ្មីៗនេះថា ការធ្វើតេស្តមីស៊ីលប្រភេទនេះ ជិតបញ្ចប់ជាស្ថាពរហើយ ដោយវានឹងអាចបំពាក់ឲ្យកងទ័ពជើងទឹករុស្ស៊ី នៅឆ្នាំ២០២២ ខាងមុខនេះ។
Tsirkon គឺជាគ្រាប់មីស៊ីលដែលអាចរត់លឿនជាងល្បឿនសំឡេង រហូតដល់ទៅ ៩ដង (Mach 9) ខណៈនៅក្នុងបរិយាកាសផែនដី សំឡេងអាចរត់បានក្នុងល្បឿន ១,២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ Tsirkon មានរយៈចម្ងាយវាយប្រហារជាមធ្យម ១,០០០គីឡូម៉ែត្រ៕