(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលុបចោលនូវបម្រាមធ្វើដំណើរលើប្រទេសចំនួន៨ មកពីភាគខាងត្បូងនៃទ្វីបអាហ្វ្រិក ដែលត្រូវបាន ដាក់កាលពីខែវិច្ឆិកាកន្លងទៅ ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ សហរដ្ឋអាមេរិក បានសម្រេចហាមឃាត់អ្នកដំណើរមិនមែនជាពលរដ្ឋអាមេរិក មកពីប្រទេសចំនួន៨ ដែលស្ថិតនៅភាគខាងត្បូង នៃទ្វីបអាហ្វ្រិក ចូលមកក្នុងប្រទេសរបស់ខ្លួន ដោយសារបារម្ភពីការឆ្លងរាលដាលនៃមេរោគ COVID-19 បំប្លែងថ្មី Omicron ត្រូវបានគេកំណត់អត្តសញ្ញាណមុនគេនៅក្នុង ប្រទេសអាហ្វ្រិកខាងត្បូង។ ប្រទេសទាំង៨នេះរួមមាន អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី។
យ៉ាងណាក៏ដោយ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ, អ្នកនាំពាក្យសេតវិមាន លោក Kevin Munoz បានបញ្ជាក់ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងដកចេញនូវបម្រាមធ្វើដំណើរលើប្រទេសទាំង៨ នៅថ្ងៃទី៣១ ខែធ្នូនេះ។ លោកបន្ថែមទៀតថាការសម្រេចចិត្តលុបចោលបម្រាមនេះ ធ្វើឡើងតាមអនុសាសន៍របស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC)៕